អាស៊ានផ្តល់អាទិភាពដល់ការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ នៅក្នុងកិច្ចប្រជុំ AMM 53

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០​ — យោងតាមវេជ្ជបណ្ឌិត Balazs Szanto មកពីសាកលវិទ្យាល័យ Webster នៃប្រទេសថៃបានឱ្យដឹងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ ប្រទេសវៀតណាមបានធ្វើការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ដាក់ជាអាទិភាពកំពូលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ (AMM 53) និងកិច្ចប្រជុំពាក់ព័ន្ធ។

​លោកបាននិយាយថា ប្លុកនេះត្រូវការវិធីសាស្រ្តរួមមួយដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ និងពិចារណាទៅលើផលប្រយោជន៍របស់ប្រទេសទាំងអស់ជាសមាជិក។

លោកបានកត់សម្គាល់ថា នៅក្នុងព្រឹត្តិការណ៍នោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ដោយលោកបាននិយាយបន្ថែមថា វាគឺជាគន្លឹះក្នុងការស្តារសេដ្ឋកិច្ចរបស់តំបន់នេះឡើងវិញ បន្ទាប់ពីវាត្រូវបានរងគ្រោះដោយសារជំងឺរាតត្បាត និងមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។

យោងតាមលោកបានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ AMM 53 បាននិយាយថា អាស៊ានបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ព្រមទាំងគោរព និងទ្រទ្រង់សេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (DOC) ។ ដោយផ្អែកលើការវិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ លោកបាននិយាយថា ប្លុកនេះទំនងជាជំរុញឱ្យមាន COC ប្រកបដោយប្រសិទ្ធភាព ហើយអនុវត្តវាដោយភាពជាក់ស្តែង។

អ្នកជំនាញរូបនេះបានលើកឡើងអំពីគំនិតផ្តួចផ្តើមជាវិជ្ជមានរបស់ប្រទេសវៀតណាម ក្នុងនាមជាប្រធានអាស៊ាន។ បើទោះបីជាមានផលប៉ះពាល់នៃជំងឺកូវីដ-១៩ មានប្រទេសជាសមាជិកបានជម្នះនូវបញ្ហាប្រឈមនានា នឹងបានបង្កើតយន្តការឆ្លើយតបជាទូទៅមួយសម្រាប់ការលំបាកដែលមិនធ្លាប់មានពីមុនមកនេះតាមរយៈការបង្កើតមូលនិធិក្នុងតំបន់សម្រាប់ការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការទៅលើផ្នែកសុខភាព និងការផ្សារភ្ជាប់ទំនាក់ទំនងក្នុងតំបន់។

លោកបាននិយាយថា ការតភ្ជាប់ទំនាក់ទំនងទៅក្នុងប្លុក គឺជាអាទិភាពមួយនៅក្នុងរបៀបវារៈរបស់ប្រទេសវៀតណាមក្នុងឆ្នាំនេះ។

លោកបាននិយាយបន្តថា វិបត្តិនេះគឺជាឱកាសមួយសម្រាប់ប្លុកនេះដើម្បីបង្ហាញអំពីតួនាទីស្នូលរបស់ខ្លួន នឹងបង្ហាញអំពីតម្លៃពិតរបស់វានៅក្នុងកិច្ចសហប្រតិបត្តិការ និងបញ្ហាអភិវឌ្ឍន៍ក្នុងតំបន់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)