ក្រសួងអប់រំនៅតែបន្តផលិតវីដេអូបង្រៀនសិស្សតាមអនឡាញដដែល

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

ភ្នំពេញ៖ ក្រសួងអប់រំនៅតែបន្តផលិតវីដេអូបង្រៀនសិស្សតាមអនឡាញ ដដែលនៅក្នុងដំណាក់កាល ទី២នេះ ដើម្បីឱ្យសិស្សបានរៀននៅសាលាផង និងអនឡាញផង ខណៈដែលការរៀននៅសាលា សិស្សពុំបានរៀនគ្រប់គ្នាឡើយ។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា  បើទោះ បីជាបើកដំណើរការសិក្សាឡើងវិញ នៅក្នុងដំណាក់កាលទី២នេះ ក៏ដោយ ក៏ក្រសួងនៅតែបន្តរៀបចំ និងផ្សព្វផ្សាយនូវវីដេអូផ្សេងៗ ដើម្បីឱ្យសិស្សានុសិស្ស អាចសិក្សាបន្ថែមដោយខ្លួនឯងនៅផ្ទះ ខណៈ ក្រសួងបានកាត់បន្ថយចំនួនសិស្សក្នុងថ្នាក់រៀន ឱ្យនៅត្រឹមតែ១៥នាក់ទៅ២៥នាក់ប៉ុណ្ណោះ ដើម្បីការ ពារការចម្លង នៃវីរុសកូវីដ-១៩។

ឯកឧត្តមរដ្ឋមន្ដ្រីបានបញ្ជាក់ថា ក្នុងបរិបទកូវីដនិងក្រោយកូវីដ គឺការសិក្សាតាមឌីជីថលនេះ នឹងក្លាយជា ប្រព័ន្ធអប់រំថ្មីមួយ តាមបែបចម្រុះក្នុងថ្នាក់រៀនផង និងស្វ័យសិក្សាដែលប្រើ ប្រាស់នូវ ឯកសារអេឡិចត្រូនិកដើម្បីលើកទឹកចិត្តឱ្យសិស្សធ្វើស្វ័យសិក្សាបន្ថែម។ 

សំឡេង៖« ក្រសួងនៅតែបន្តការរៀបចំនិងផ្សព្វផ្សាយផលិតជាវីដេអូផ្សេងៗ ក្នុងគោលដៅបង្កើតឱ្យមានប្រព័ន្ធបង្រៀនតាមបែបចម្រុះមួយ អ៊ីចឹងយើងឃើញថា កន្លងមកយើងបានកាត់បន្ថយចំនួនសិស្សក្នុងថ្នាក់រៀន ហើយនៅពេលដែលសិស្សក្រុមទី១គាត់មករៀន ដូច្នេះក្រុមទី២និងទី៣ គឺអាចរៀនតាមប្រព័ន្ធអនឡាញបាន។ ដូច្នោះសិស្សដទៃទៀតគឺនៅតែបន្តរៀនដោយប្រើប្រាស់នូវឯកសារ ក៏ដូចជាវីដេអូផ្សេងៗ ដែលក្រសួងបានដាក់ឱ្យដំណើរការនៅក្នុងប្រព័ន្ធអនឡាញ ហើយតំបន់ឆ្ងាយៗ ក៏អាចរៀនពីទូរទស្សន៍ទទក២ផងដែរ។ ហើយម្យ៉ាងវិញទៀតគឺយើងនឹងប្រើប្រាស់នូវធនធានទាំងនោះ ដើម្បីរៀបចំជាប្រព័ន្ធអប់រំឌីជីថលមួយឬក៏ប្រព័ន្ធអប់រំអេឡិចត្រូនិចមួយ ដែលពេញលក្ខណៈ ដែលជួយគាំទ្រការរៀននិងបង្រៀនក្នុងថ្នាក់រៀន ដោយសារតែក្នុងបរិបទកូវីដនេះ គឺយើងមិនអនុញ្ញាតឱ្យមានសិស្សច្រើនឡើយ» 

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ការរៀបចំមេរៀនតាមប្រព័ន្ធអនឡាញនេះ ក៏អាចទុកសម្រាប់បណ្តុះបណ្តាលគ្រូ ក៏ដូចជាការធ្វើវិក្រឹត្យការគ្រូបង្រៀន ហើយក៏ជាផ្នែកមួយអាចជួយដល់លោកគ្រូអ្នកគ្រូ  ដើម្បីសិក្សារៀនសូត្រកែលម្អវិធីស្រាស្ត្របង្រៀន បន្ថែមទៀត ព្រោះការបង្រៀនតាមប្រព័ន្ធអនឡាញនេះ សុទ្ធសឹងតែជាគ្រូដែលមានបទពិសោធន៍ល្អៗក្នុងការបង្រៀន។   

សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែកញ្ញា កន្លងទៅនេះ ក្រសួងអប់រំ បានបើកដំណើរសាកល្បង​រៀនឡើង​វិញ ទាំងរដ្ឋនិងឯកជន ដោយអនុវត្តសម្រាប់តែថ្នាក់ទី៩ និងទី១២ប៉ុណ្ណោះ។ ដោយឡែកសម្រាប់ខេត្តចំនួន៤ទៀតរួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីដែលមាន​អត្រាឆ្លងកូវីដ-១៩ កម្រិតទាបក្រសួងបានអនុញ្ញាតឱ្យ​បើកដំណើរការគ្រប់​កម្រិតសិក្សា​តាំងពីថ្នាក់​១ដល់ទីថ្នាក់១២តែម្តង៕