សំណង់ព្រះវិហារបុរាណ នៅវត្តរាជបូណ៌ ប្តូរសោភណភាពថ្មី ដ៏ស្រស់ស្អាត បន្ទាប់ពីជួសជុលហើយ

AKP សៀមរាប ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០–

លោក ឡុង កុសល អ្នកពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងជួសជុល និងអភិរក្សព្រះវិហារបុរាណវត្តរាជបូណ៌ ដែលទទួលបានថវិកាទាំងស្រុងពីអាជ្ញាធរជាតិអប្សរា បានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ក្រោមកិច្ចខិតខំប្រឹងប្រែង ដឹកនាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ពីសំណាក់មន្រ្តីជំនាញរបស់អាជ្ញាធរជាតិអប្សរា។
ការជួសជុលនេះគឺដើម្បីរួមចំណែកថែរក្សាមរតកវប្បធម៌ខ្មែរលើវិស័យព្រះពុទ្ធសាសនា ព្រមទាំងជួយអភិរក្ស និងលើកតម្លៃវប្បធម៌នៃសិល្បៈរបស់ខ្មែរពីបុរាណកាល ឱ្យរស់រវើកឡើងវិញ។ ក្រុមការងារបច្ចេកទេស បានផ្តោតលើការជួសជុលក្បាច់ជញ្ជាំង ជើងជញ្ជាំង បាំងសាច កាំជណ្តើរ ការ៉ូ ក្បាច់លើទ្វារ-បង្អួច និងខឿនព្រះវិហារ ព្រមទាំងបញ្ហាប្រឈមមួយចំនួនទៀតឱ្យផុតពីហានីភ័យ រហូតធ្វើឱ្យព្រះវិហារវ័យចំណាស់នេះលេចរូបរាង ដ៏ស្រស់ត្រកាលជាថ្មីម្តងទៀតលើទឹកដីអង្គរ ក្នុងក្រុងសៀមរាប។
អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរព្រះគុណនិងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ព្រមទាំងព្រះសង្ឃ ពុទ្ធបរិស័ទ ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិក អាជ្ញាធរជាតិអប្សរាទាំងអស់ ដែលបាននិមន្ត និងចូលរួមសហការយ៉ាងជិតស្និទ្ធក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិឱ្យបានគង់វង្សតរៀងទៅ៕ដោយ
ឃុត សៅ