អភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីរាជការ ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ វត្តសុវណ្ណវារី ហៅព្រែកតាទែន

AKP កណ្តាល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០–

រសៀលថ្ងៃ១១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ដ្រីរាជការ លោកអភិបាលស្រុកពញាឮ មន្ត្រីរាជការសាលាស្រុក និងប្រជាពលរដ្ឋចំណុះជើងវត្ត បានអញ្ចើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តសុវណ្ណវារី (វត្តព្រែកតាទែន) ស្ថិតក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ។
ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ និងលោកជំទាវ បាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ទេយ្យទាន និងបច្ច័យ មកបូជាចំពោះព្រះរតនត្រ័យ និងប្រគេនដល់ព្រះសង្ឃ ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតា ញាតិកាទាំង៧សន្ដាន និងបុព្វបុរសជាតិ ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃ ឱ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
គ្រឿងឧបភោគបរិភោគ ជាច្រើនមុខ និងបច្ច័យប្រគេនចំពោះព្រះសង្ឃក្នុងពិធីនេះរួមមាន អង្ករចំនួន១៤បាវ ស្មើនឹង ៧០០គីឡូក្រាម ទឹកបរិសុទ្ធ ១៤កេស ទឹកក្រូច១៤កេស មី១៤កេស និងបច្ច័យកសាងចំនួន ១០.៦០០.០០០ម៉ឺនរៀល ព្រទាំងបានបូជាព្រះធម៌ទេសនា នូវបច្ច័យ ១.៤២០.០០០រៀល។ បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយធំជាងគេ ក្នុងចំណោមពិធីបុណ្យផ្សេងៗក្នុងព្រះពុទ្ធសាសនា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃ១រោច រហូតដល់ថៃ្ងទី១៥រោច ខែភទ្របទ មានរយៈពេល១៥ថៃ្ង ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)