សម្តេចចៅហ្វាវាំង គង់ សំអុល អញ្ជើញកាន់វេនបិណ្ឌទី១១ នៅវត្តអង្គ ស្ថិតក្នុងភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំ)៖ នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាសមាជិកសភាមណ្ឌលខេត្តកំពង់ឆ្នាំង អញ្ជើញកាន់វេនបិណ្ឌទី១១ នៅវត្តអង្គ ស្ថិតក្នុងភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្ដម ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង សមាជិកក្រុមប្រឹក្សា ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរដ្ឋបាលស្រុកបរិបូរណ៌ និងប្រជាពុទ្ធបរិស័ទ្ធចូលរួមផងដែរ។

ក្នុងឱកាសនៃការកាន់វេនបិណ្ឌទី១១ សម្តេចបាននាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់តាមវត្តចំនួន ០៩វត្ត ក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌ រួមមាន៖ ស្លាដកចំនួន ០១, ចង្ហាន់មួយស្រាក់, ផ្លែឈើស្រស់មួយកន្ត្រក, អង្ករ ០៥បាវ, មី ចំនួន ០៥ កេស, ទឹកសុទ្ធ ០៥ កេស, ទឹកក្រូច ០៥កេស ០៥យួរ និងក្នុងមួយវត្តៗទទួលបានបច្ច័យចំនួន ១ ០០០ ០០០លានរៀល, បច្ច័យបួនអនុគណស្រុក ៣០ ម៉ឺនរៀល ក្នុងមួយព្រះអង្គ, បច្ច័យបួនព្រះសង្ឃ ចំនួន ៥ម៉ឺនរៀល ៦៧ ព្រះអង្គ។

សូមជម្រាបជូនផងដែរថាៈ វត្តចំនួន ០៩ ដែលបានទទួលទេយ្យវត្ថុ និងបច្ច័យ រួមមាន៖ វត្តអង្គ, វត្តព្រះឥន្ទទេព, វត្តស្នោ, វត្តល្បើករង្សី, វត្តឯករង្សី, វត្តសម្ដេចមុនី, វត្តនរាយុរង្សី, វត្តថ្នល់អណ្ដែត, វត្តសិរី ៕