ឯកឧត្តម ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក

(ភ្នំពេញ)៖ នាថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនឯកឧត្ដមឯកអគ្គរដ្ឋទូត អំពីសកម្មភាពការងារថ្មីៗរបស់ក្រសួងដែលបានអនុវត្តកន្លងមក រួមមានការចុះពិនិត្យ និងពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយជាមួយក្រសួងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅច្រកទ្វារព្រំដែន “ព្រៃវល្លិ៍” និងការបើកការចរចាជាមួយសឹង្ហបុរី ដែលមានក្រុមហ៊ុនពីរបានចូលរួម គឺ YCH និង Infrastructure Asia (IA) ដើម្បីសិក្សា និងអភិវឌ្ឍន៍គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទោះបីក្នុងស្ថានភាពដែលពិភពលោកកំពុងរាតត្បាតដោយ Covid-19 ក៏ក្រសួងនៅតែបន្តអនុវត្តនូវការងាររបស់ខ្លួនយ៉ាងសស្រាក់សស្រាំគ្មានបង្អង់ដៃ ជាក់ស្តែងសកម្មភាពនៃការសាងសង់ផ្លូវ ស្ពាន និងប្រព័ន្ធចម្រោះទឹកកខ្វក់ ជាដើម នៅទូទាំងប្រទេស។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើ និងលើកទឹកចិត្តឱ្យមានការចូលរួមផងដែរពីក្រុមហ៊ុនសាងសង់របស់អាមេរិក ក្នុងគម្រោងសាងសង់ហេដ្ឋារចនា សម្ព័ន្ធនានានៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងអំពីកំណាត់ផ្លូវជាតិលេខ៤ ដែលបានសាង សង់ក្នុងអំឡុងទសវត្សរ៍ទី៦០ ដែលមានសភាពរឹងមាំជាប់បានល្អដល់សព្វថ្ងៃ និងបានស្នើសុំឱ្យបញ្ជូនជំនាញការមកជួយបណ្តុះបណ្តាលផ្នែកវិស្វកម្មសំណង់ស៊ីវិលនៅកម្ពុជា។

ឯកឧត្ដមឯកអគ្គរដ្ឋទូតបានធ្វើការកត់សម្គាល់ និងស្ងើចសរសើរចំពោះសមិទ្ធិផលនានារបស់ក្រសួង និងទទួលយកទៅពិចារណាសំណើដែលបានលើកឡើង ដើម្បីឈានទៅដល់ការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យទាំងនេះ។

ជាងនេះទៅទៀត ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនថា ខែកញ្ញានេះ ត្រូវនឹងប្រធានបទពាណិជ្ជកម្មនិងវិនិយោគ ដែលនឹងមានការធ្វើទស្សនកិច្ចការងារនៅកម្ពុជាពីក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិកនៅថ្ងៃទី២១ ខែកញ្ញានេះ។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ចំពោះក្រុមប្រឹក្សាធុរកិច្ច និងត្រៀមផ្តល់ នូវកិច្ចសហការដើម្បីឱ្យទស្សនកិច្ចការងារនេះប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កា៕ ដោយ៖ កន ចំណាន