សមត្ថកិច្ចនៅតាមច្រកព្រំដែនបន្តពង្រឹងវិធានធ្វើចត្តាឡីស័កចំពោះពលករចេញចូលតាមច្រកព្រំដែនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ១១.៩.២០២០


MC៖ សមត្ថកិច្ចនៅតាមច្រកព្រំដែនបន្តពង្រឹងវិធានធ្វើចត្តាឡីស័កចំពោះពលករចេញចូលតាមច្រកព្រំដែនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីការពារសុវត្ថិភាព និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលចូលសហគមន៍។
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ថា ពលករខ្មែរនាំគ្នាធ្វើដំណើរត្រឡប់មកប្រទេសវិញ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្យនេះ គឺប្រឈមនឹងការឆ្លងជំងឺកូវីត-១៩ ពិសេសងាយប្រឈមឆ្លងចូលក្នុងសហគមន៍ ប្រសិនបើមានការធ្វេសប្រហែស ដោយបណ្តោយឲ្យពួកគាត់ចេញចូលគ្មានការត្រួតពិនិត្យឲ្យបានច្បាស់លាស់ ។
លោកជំទាវបានបន្តថា មានតែវិធានការពាររឹតបន្តឹងការចេញចូលនេះឲ្យបានម៉ត់ចត់ ហើយត្រូវអនុវត្ត ឱ្យពួកគាត់ធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃសិន ដើម្បីតាមដានសុខភាព និងត្រូវអនុវត្តអនាម័យជាប្រចាំផង ទើបអាចទប់ស្កាត់ជំងឺកូវីត-១៩ មិនឱ្យរីករាលដាល ចូលសហគមន៍បាន។
សំឡេង៖ «តែនៅខាងនេះពួកយើងព្យាយាមទទួលគាត់ មានក្រុមការងារតាមបណ្តាខេត្ត ក៏ដូចជាខេត្តបន្ទាយមានជ័យ ឬតាមច្រកអូ៣ជាន់ ។យើងឃើញពួកគាត់ ឆ្លងមកដល់យើងចាំទទួលគាត់ ដោយសារតែប្រជាជនយើង ទោះបីដឹងហើយគាត់មក ដោយខុសច្បាប់ មិ្សលមិញពលករត្រលប់មកជាង៥០០នាក់ ។យើងមើលឃើញថា យើងត្រូវប្រឈមដែរ ដំណាក់កាលកូវីដ-១៩ វាមិនទាន់ស្រាកស្រាន្ត យើងនៅតែប្រុងប្រយ័ត្ន ធ្វើឲ្យពួកគាត់ជួបការលំបាក១ជាន់ទៀតនៅពេលយើងឲ្យពួកគាត់ធ្វើចត្តាឡីស័ក។ យើងត្រូវតែការពារសហគមន៍ដែរ ពីព្រោះរាល់ថ្ងៃប្រទេសមួយចំនួនធំគេកំពុងប្រឈមនៅតាមសហគមន៍។ចឹងហើយបានជាយើងត្រូវពិនិត្យព្យាបាលឬមួយក៏ ពិនិត្យតាមដានស្ថានភាពនៃជំងឺរបស់គាត់ ស្ថានភាពសុខភាពរបស់ពួកគាត់តាំងពីពេលគ្រាន់តែចេញមកពីព្រំដែនយើងមានពេទ្យមន្ត្រីរដ្ឋបាលយើងនៅតាមបណ្តាខេត្តយើងចាំទទួល»។
លោកជំទាវបានបញ្ជាក់ថា ការពង្រឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩នៅតាមច្រកចេញចូលព្រំដែននេះ គឺស្របពេលដែលពលករខ្មែរ បានចាប់ផ្តើមធ្វើដំណើរមកកាន់ស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារ នាឱកាសបុណ្យភ្ជុំបិណ្ឌ ៕