ឯកអគ្គរដ្ឋទូតឥណ្ឌាកោតសរសើរចំពោះកម្ពុជាក្នុងការគ្រប់គ្រងបានយ៉ាងល្អប្រសើរលើការរីករាលដាលនៃជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា÷ជៀង យ៉ារ៉េត ១១កញ្ញា២០២០

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាចប់អាណត្តិ ចូលជួបសម្ដែងការគួរសមនិងជម្រាបលា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១ខែ កញ្ញា ឆ្នាំ២០២០នេះ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ជំនួបនោះថា លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា បានថ្លែងកោតសរសើរចំពោះកម្ពុជាក្នុងការគ្រប់គ្រង បានលទ្ធផលយ៉ាងល្អប្រសើរលើការរីករាលដាលនៃជំងឺកូវីដ១៩ ហើយមកដល់ ពេលនេះ អ្នកជំងឺកូវីដ១៩ ត្រូវបានព្យាបាលជាទាំងស្រុង ។
ជាមួយនេះលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រីនិងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រនិងធ្វើកិច្ចសហការយ៉ាង ល្អជាមួយលោកជំទាវ ធ្វើឲ្យលោកជំទាវទទួលបានជោគជ័យនៅក្នុងបេសកកម្មការទូត នៅកម្ពុជា ។ ជាក់ស្តែងក្នុងអាណត្តិការទូតរបស់លោកជំទាវនៅកម្ពុជា លោកជំទាវ បានរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតេ ជោទៅកាន់ប្រទេសឥណ្ឌា, រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម,រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងមន្រ្តីរាជរដ្ឋាភិបាលមួយចំនួនទៀតបានក៏ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌាដែរ ។ជាមួយនោះក៏មានការរៀបចំការធ្វើដំណើរមកកាន់កម្ពុជា របស់រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មឥណ្ឌា,រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌានិងធ្វើឲ្យទំនាក់ទំនងនិងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត ព្រោះក្នុងដំណើរ ទស្សនកិច្ចនីមួយៗតែងមានចុះហត្ថលេខាលើអនុស្សរណៈនិងកិច្ចព្រមព្រៀងផងដែរ ។ទាំងនោះសុទ្ធតែជាកិច្ចសហប្រតិបត្តិការដែលជំរុញឲ្យទំហំពាណិជ្ជកម្មរបស់ប្រទេស ទាំងពីរ បានកើនឡើងជាលំដាប់។
ក្នុងន័យនេះដែរ លោកជំទាវក៏បានគោរពជម្រាបជូនសម្ដេចដែរថា អ្វីដែលលោក ជំទាវបានកត់សម្គាល់កន្លងមក ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ កម្ពុជានិងឥណ្ឌាបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាស្ទើរគ្រប់វិស័យទាំងអស់ ។
ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាដែលបានដើរតួយ៉ាងសំខាន់ក្នុងការពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។សម្ដេចតេជោបានកត់សម្គាល់ឃើញដូចលោកជំទាវឯកអគ្គរដ្ឋទូតដែរថាកម្ពុជានិងឥណ្ឌាមានកិច្ចសហប្រតិការស្ទើរគ្រប់វិស័យទាំងអស់ ហើយសុទ្ធតែជាវិស័យសំខាន់ៗក្នុងការ ជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អ្វីដែលជាការងារបន្ត សម្ដេចបាន ជម្រាបជូនលោកជំទាវថា យើងគប្បីលើកកម្ពស់អនុស្សរណៈ ដែលយើងបានចុះ ហត្ថលេខាហើយនោះ ទៅជាកិច្ចព្រមព្រៀង,ហើយកិច្ចព្រៀងព្រៀងដែលយើងបាន ចុះហត្ថលេខារួចមកហើយនោះ គួរគប្បីជំរុញការអនុវត្តឈានទៅទទួលបាន ជោគជ័យលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាហើយ។សម្តេចតេជោក៏បានមានប្រសាសន៍ផងដែរថា ក្រៅពីអ្វីដែលយើងបានចុះអនុស្សរណៈ និងកិច្ចព្រមព្រៀង យើងគួរគប្បីពិនិត្យមើលថែមទៀតតួនាទីនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរដើម្បីឈានទៅពង្រីកទំនាក់ទំនងការទូតរវាងប្រទេសនិងប្រទេស ឲ្យ កាន់តែរឹងមាំថែមឡើងមួយកម្រិតទៀត ៕