សហរដ្ឋអាមេរិកសន្យាធ្វើកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ក្នុងការជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០​ — រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការធ្វើជាដៃគូជាមួយបណ្តាប្រទេសនៅអាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ។

លោក Pompeo បានធ្វើសេចក្តីថ្លែងការណ៍នេះនៅពេលចូលរួមកិច្ចប្រជុំនិម្មិតនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១០ រវាងប្រទេសអាស៊ានទាំង១០ និងដៃគូរបស់ពួកគេ ដែលរួមមានចិន ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី នូវែលហ្សេឡង់ រុស្ស៊ី និងសហរដ្ឋអាមេរិក និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-សហរដ្ឋអាមេរិកប្រចាំឆ្នាំ ដែលធ្វើឡើងតាមប្រព័ន្ធអ៊ិនធើណេតក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនានាចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកញ្ញា។

នៅក្នុងកិច្ចប្រជុំនោះ លោកបានកោតសរសើរចំពោះបណ្តាប្រទេសនៅអាស៊ានចំពោះការឆ្លើយតបប្រកបដោយតម្លាភាពរបស់ខ្លួនចំពោះជំងឺរាតត្បាតកូវីដ-១៩ ហើយបានកោតសរសើរចំពោះវៀតណាមដែលជាប្រធានអាស៊ានចំពោះការងាររបស់ខ្លួន ដែលបានកោះប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ក្នុងអំឡុងពេលដែលមិនធ្លាប់មាននេះ។

លោកបានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះទស្សនវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក និងតួនាទីរបស់ខ្លួនក្នុងការណែនាំការចូលរួមរបស់សហរដ្ឋអាមេរិកជាមួយអាស៊ាន និងបានសង្កត់ធ្ងន់បន្ថែមទៀតអំពីតួនាទីដ៏សំខាន់របស់ប្លុកនេះដែលស្ថិតនៅចំណុចកណ្តាលនៃចក្ខុវិស័យរបស់សហរដ្ឋអាមេរិកសម្រាប់តំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក។

លោករដ្ឋមន្រ្តី Pompeo បានគូសបញ្ជាក់អំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះគោលការណ៍នៃការបើកចំហ ការរាប់បញ្ចូលតម្លាភាព និងការគោរពច្បាប់អន្តរជាតិ ដែលត្រូវបានចែករំលែកនៅលើចក្ខុ វិស័យឥណ្ឌូ – ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក ទស្សនវិស័យរបស់អាស៊ាននៅលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងទស្សនវិស័យរបស់រដ្ឋជាសមាជិក EAS ផ្សេងៗទៀត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)