អាស៊ាន និងកាណាដា ព្រមព្រៀងគ្នាលើកស្ទួយចំណងមិត្តភាពជាដៃគូយុទ្ធសាស្ត្រ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០​ — កាលពីថ្ងៃទី១០ ខែកញ្ញា ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានអាស៊ាន – កាណាដា ដែលបានធ្វើឡើងតាមប្រព័ន្ធអ៊ិនធើណេត ដែលជាផ្នែកមួយនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី៥៣ (AMM-53) អាស៊ាន និងកាណាដា បានឯកភាពគ្នាបង្កើនការទំនាក់ទំនងនៃកិច្ចសន្ទនារបស់ពួកគេឱ្យបានឆាប់ដើម្បីភាពជាដៃគូយុទ្ធសាស្រ្ត ។

បណ្តារដ្ឋមន្រ្តីការបរទេសបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងសកម្មរបស់ប្រទេសកាណាដាក្នុងយន្តការដែលបង្កើតឡើងដោយអាស៊ាន ជាពិសេសវេទិកាតំបន់អាស៊ាន (ARF)។ បណ្តាប្រទេសទាំងអស់បានទទួលស្គាល់នូវបំណងប្រាថ្នារបស់ប្រទេសកាណាដាក្នុងការចូលរួមឱ្យកាន់តែស៊ីជម្រៅនៅក្នុងយន្តការដែលដឹកនាំដោយអាស៊ាន ដូចជាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ( EAS ) នឹងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ានបូក (ADMM+) ជាដើម។

អាស៊ានក៏បានកោតសរសើរចំពោះការគាំទ្ររបស់ប្រទេសកាណាដាទាន់ពេលវេលា ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយផ្តល់នូវឧបករណ៍ការពារវេជ្ជសាស្ត្រ ដែលមានតម្លៃ៤,៥លាន កាណាដា។

ភាគីទាំងពីរបានកត់សម្គាល់អំពីវឌ្ឍនភាពជាវិជ្ជមានក្នុងទំនាក់ទំនង នៃកិច្ចសន្ទនារវាងអាស៊ាន – កាណាដា នៅលើគ្រប់វិស័យ ជាពិសេសការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃផែនការសកម្មភាពអាស៊ាន – កាណាដា ឆ្នាំ ២០១៦-២០២០ ។

រដ្ឋមន្ត្រីការបរទេសកាណាដា លោក François-Philippe Champagne បានសម្តែងការគាំទ្រចំពោះ តួនាទីស្នូលរបស់អាស៊ាន ក្នុងការអភិវឌ្ឍស្ថាបត្យកម្មក្នុងតំបន់ប្រកបដោយភាពស្វាហាប់ ។ លោកបានប្រកាសផ្តល់ជំនួយថវិកាប្រមាណ ១០លានដុល្លារកាណាដា សម្រាប់កម្មវិធីអាហារូបករណ៍កាណាដា និងអាស៊ាន និងការផ្លាស់ប្តូរការអប់រំសម្រាប់ការអភិវឌ្ឍ (SEED) ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)