អាស៊ាន និងអូស្ត្រាលី កំពុងសម្លឹងឆ្ពោះទៅរកភាពជាដៃគូដ៏រឹងមាំ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០​ — កាលពីថ្ងៃទី១០ ខែកញ្ញា អ្នកចូលរួមក្នុងកិច្ចប្រជុំនិម្មិតថ្នាក់រដ្ឋមន្ត្រីអាស៊ាន – អូស្រ្តាលី បានចែករំលែកទស្សនៈថា ទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ាន – អូស្រ្តាលីមានការរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៤ មក ហើយបានរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

នៅក្នុងព្រឹត្តិការណ៍ដែលបានធ្វើឡើងនៅក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៥៣ (AMM-53) រដ្ឋមន្ត្រីការបរទេសនៃភាគីទាំងពីរបានលើកឡើងថា កិច្ចសហប្រតិបត្តិការអាស៊ាន – អូស្រ្តាលី បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលរួមមានសសរស្តម្ភនៃសហគមន៍នយោបាយ-សន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន ផែនការការងារនៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI) ដំណាក់កាលទី៣ និងផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ ២០២៥ ផងដែរ។

បច្ចុប្បន្ននេះ ប្រទេសអូស្ត្រាលីជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទី៧ របស់អាស៊ាន ខណៈដែលអាស៊ានជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៣ របស់អូស្រ្តាលី។ អាស៊ានកំពុងត្រៀមចរចាដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន – អូស្ត្រាលី – នូវែលហ្សេឡង់ (AANZFTA) ដែលនឹងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់សហគមន៍ធុរកិច្ច។ គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ អូស្ត្រាលីតែងតែជាទិសដៅកំពូលមួយដែលត្រូវបានជ្រើសរើសដោយនិស្សិតអាស៊ាន។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកស្រី Maris Payne រដ្ឋមន្រ្តីក្រសួងការបរទេសអូស្ត្រាលីបានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការកសាងភាពជាដៃគូឱ្យកាន់តែរឹងមាំស្របតាមសក្តានុពល របស់អាស៊ាន។ លោកស្រីបានប្រកាសថា ប្រទេសរបស់លោកស្រីនឹងផ្តល់ថវិកាចំនួន ១លានដុល្លារអូស្រ្តាលីសម្រាប់មូលនិធិអាស៊ានឆ្លើយតបនឹងជំងឺកូវីដ-១៩ ។

លោកស្រីបាននិយាយថា អូស្រ្តាលីបានបញ្ជាក់អំពីការគាំទ្ររបស់ខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការជាក់លាក់ជាមួយអាស៊ាន យោងតាមឯកសារទស្សនវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ដោយនឹងផ្តល់ថវិកាប្រមាណ ៦០លានដុល្លារអូស្រ្តាលី ដើម្បីបង្កើនសមាហរណកម្មសេដ្ឋកិច្ចក្រោមភាពជាដៃគូ អភិវឌ្ឍន៍អាស៊ាន – អូស្ត្រាលី ដោយផ្តល់អាទិភាពដល់ការស្តារសេដ្ឋកិច្ច ការផ្តោតសំខាន់ទៅលើការតភ្ជាប់ទំនាក់ទំនង ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរឌីជីថល៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)