កិច្ចសហប្រតិបត្តិការអាស៊ានមានសារៈសំខាន់ជាងពេលណាៗទាំងអស់

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០​ — អ្នកជំនាញសិង្ហបុរី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣ និងសន្និសីទពាក់ព័ន្ធនានានៅឯទីក្រុងហាណូយថា ស្ថានការណ៍ខាងក្រៅដ៏ស្មុគស្មាញបានធ្វើឱ្យកិច្ចសហប្រតិបត្តិការនៅក្នុងប្លុកអាស៊ាននៅពេលនេះមានសារៈសំខាន់ជាងពេលណាៗទាំងអស់។

លោកវេជ្ជបណ្ឌិត Malcolm Cook សមាជិកជាន់ខ្ពស់នៃវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ (ISEAS)-វិទ្យាស្ថាន Yusof Ishak បាននិយាយថា បញ្ហាជំងឺរាតត្បាតប្រភេទកូវីដ-១៩ ការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន នឹងសកម្មភាពបង្កការព្រួយបារម្ភផ្សេងៗទៀតបានធ្វើឱ្យប៉ះពាល់ដល់របៀបវារៈ នឹងសមត្ថភាពធ្វើសកម្មភាពរួមគ្នារបស់អាស៊ាន។

លោកបាននិយាយថា ការបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) គឺជាសញ្ញាដ៏ល្អមួយដែលបង្ហាញថា ប្លុកនេះអាចជួយសម្រួលដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង នៅពេលដែលបញ្ហានេះមិនអាចទៅរួច តាមរយៈអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។

ទាក់ទងនឹងតួនាទីរបស់ប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់រួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម លោក Cook បាននិយាយថា ប្រទេសនេះបានបំពេញការងារបានយ៉ាងល្អក្នុងអំឡុងពេលដែលមានជំងឺរាតត្បាតកូវីដ-១៩ ។

លោកបាននិយាយថា ប្រទេសនេះបានគាំទ្រអាស៊ាន និងយន្តការនានារបស់អាស៊ាន ដើម្បីដោះស្រាយផលប៉ះពាល់នៃជំងឺរាតត្បាតនៅក្នុងតំបន់ ខណៈដែលរក្សាបាននូវការរីកចម្រើនលើគំនិតផ្តួចផ្តើម សំខាន់ៗរបស់អាស៊ាន ដូចជាកិច្ចព្រមព្រៀង RCEP ជាដើម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)