រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទឹកអូរជួរវែងនៅស្រុកសៀមបូកត្រៀមកែលម្អឱ្យបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា  គឹមហឿន  ស្ទឹងត្រែង ១១/០៩/ ២០២០

M.C.  រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទឹកជួរវែងនៅ ស្រុកសៀមបូក ខេត្តស្ទឹងត្រែងត្រៀមកែលម្អឱ្យបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរ បង្កើនចំណូលជូនដល់ប្រជាសហគមន៍។

អ្នកយកព័ត៌មានយើងប្រចាំខេត្តស្ទឹងត្រែងបានរាយការណ៍ឱ្យដឹងថា  ដើម្បីកែលម្អតំបន់ទេសចរណ៍ឱ្យកាន់តែទាក់ទាញមន្ទីរទេសចណ៍ខេត្តស្ទឹងត្រែងបានជំរុញឱ្យក្រុមការងារសហគមន៍រមណីយដ្ឋានធម្មជាតិទឹកអូរជួរវែង ស្ថិតនៅភូមិអូរច្រឡង់ក្នុងឃុំអូរម្រះ ស្រុកសៀមបូកនេះ រៀបចំតំបន់រមណីយដ្ឋានធម្មជាតិមួយនេះឡើងវិញ ទំាងអនាម័យបរិស្ថាន កន្លែងហូបចុក និងសេវាកម្ម  ព្រោះតំបន់នេះមានឈ្មោះល្បីជាង៣ឆ្នាំមកហើយ ។

    ក្នុងឱកាសចុះពិនិត្យរមណីយដ្ឋានទេសចរណ៍ធម្មជាតិ(ទឹកអូរជួរវែង)លោកអ៊ន់ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា តំបន់នេះមានសក្តានុពលសម្រាប់លើកស្ទួយវិស័យទេសចណ៍ ដូចនេះក្រុមការងារសហគមន៍ ត្រូវរួមគ្នារៀបចំតំបន់រមណីយដ្ឋានធម្មជាតិមួយនេះឱ្យបានល្អទៅតាមស្តង់ដារ  ដើម្បីទាក់ទាញភ្ញៀវមកលេងឱ្យបានច្រើន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក៏ដូចជានៅក្នុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

       លោកស្នើឱ្យអ្នកគ្រប់គ្រងរមណីយដ្ឋាននិងអាជ្ញាធរឃុំ សាងសង់តូបអង្គុយកម្សាន្ត ផលិតអង្រឹងធ្វើពីឫស្សី  កន្លែងចុះងូតទឹក  ស្ពានដើរឆ្លងកាត់អូរតាមបែបធម្មជាតិ ធ្វើឱ្យភ្ញៀវពេញចិត្ត និងបង្កើនការថែរក្សានូវធនធានធម្មជាតិ និងទេសចរណ៍បៃតង ដោយធ្វើការអភិវឌ្ឍសហគមន៍ឱ្យដើរទន្ទឹមគ្នានិងការអភិរក្ស។

       លោកអ៊ុកសាវឿនតំណាងឱ្យក្រុមការងារគ្រប់គ្រងរមណីយដ្ឋានទឹកអូរជួរវែង បានសាទរនិងទទួលយកការណែនាំនេះ   ហើយសហគមន៍នឹងប្រឹងប្រែង រៀបចំកន្លែងនេះឱ្យបានកាន់តែស្អាត  ព្រោះកន្លងមកភ្ញៀវទេសចរមកលេងតែងតែជំរុញឱ្យធ្វើការងារនេះដែរ តែសហគមន៍ពុំទាន់មានលទ្ធភាព។

   លោកបន្តថា កិច្ចការងារនេះលោកនឹងសហការជាមួយអាជ្ញាធរឃុំ រួមជាមួយនិងប្រជាពលរដ្ឋនៅតំបន់នេះដើម្បីអនុវត្តទៅតាមផែនការដែលមន្ទីរទេសចរណ៍បានលើកឡើង ជាពិសេសការពារព្រៃឈើធម្មជាតិនេះឱ្យបានគង់វង្ស ព្រោះអាជ្ញាធរស្រុកក៏បានគិតគូររួចមកហើយដែរ  តែរកដៃគូមកអភិវឌ្ឍន៍មិនទាន់បាន។

សូមបញ្ជាក់ថា រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទឹកអូរជួរវែងនេះ ស្ថិតនៅភូមិអូរច្រឡង់ ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង មានចម្ងាយពីទីរួមខេត្តប្រមាណជាង៥០គីឡូម៉ែត្រ៕