ឯកអគ្គរដ្ឋទូតឥណ្ឌាវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ 

លោកជំទាវ ម៉ានីកា ចេន (Manika Jain) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបានគ្រប់គ្រងការរាត ត្បាតជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ ហើយរហូតមកដល់ថ្ងៃនេះអ្នកជំងឺកូវីដ-១៩ នៅកម្ពុជាត្រូវបានព្យាបាលជាសះស្បើយទាំងស្រុងនោះ។

 ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ម៉ានីកា ចេន (Manika Jain) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅវិមានសន្តិភាព ក្នុងខណៈដែលលោកជំទាវត្រូវបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

លោកជំទាវ Manika Jain  បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី មន្ត្រីរាជការកម្ពុជាទាំងអស់ក៏ដូចជាប្រជាជនកម្ពុជាផងដែរ ដែលកន្លងមកបានផ្ដល់នូវការគាំទ្រ និងកិច្ចសហប្រតិការយ៉ាងល្អប្រសើរ ធ្វើឱ្យបេសកកម្មការទូតរបស់លោកជំទាវ ក្នុងរយៈពេលជាងពីរឆ្នាំកន្លះមកនេះ បានទទួលជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងបេសកកម្មនៅក្នុងប្រទេសកម្ពុជា ដូចជាការរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតជោទៅកាន់ប្រទេសឥណ្ឌា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងមន្ត្រីរាជរដ្ឋាភិបាលមួយចំនួនទៀត បានទៅបំពេញទស្សន​​កិច្ចនៅសាធារណរដ្ឋឥណ្ឌា។ ជាមួយនោះក៏មានការធ្វើដំណើរមកកាន់កម្ពុជារបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាមកកាន់កម្ពុជា ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។ ជាពិសេសធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរីកដុះដាលប្រសើរឡើង ដែលក្នុងដំណើរទស្សនកិច្ចនីមួយៗ មានការចុះហត្ថលេខាលើអនុស្សរណៈ និងកិច្ចព្រមព្រៀង ផងដែរ លោកជំទាវឯកអគ្គរដ្ឋទូតបានបន្ដថា ទាំងនោះសុទ្ធតែជាកិច្ចសហប្រតិបត្តិការដែលជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកដុះដាលថែមទៀត ជាសក្ខីភាពទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរបានកើនឡើងជាលំដាប់។

ក្នុងន័យនេះដែរ លោកជំទាវក៏បានគោរពជម្រាបជូនសម្ដេចផងដែរថា អ្វីដែលលោកជំទាវបានកត់សម្គាល់កន្លងមកក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ កម្ពុជានិងឥណ្ឌា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាស្ទើរគ្រប់វិស័យទាំងអស់ ។

 ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកជំទាវឯកអគ្គរដ្ឋទូត និងសហការីរបស់លោកជំទាវ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្ដេចតេជោបានកត់សម្គាល់ឃើញដូចលោកជំទាវឯកអគ្គរដ្ឋទូតដែរថា កម្ពុជានិងឥណ្ឌាមានកិច្ចសហប្រតិបត្តិ​ការស្ទើរគ្រប់វិស័យទាំងអស់ ហើយវិស័យនីមួយៗសុទ្ធតែជាវិស័យសំខាន់ៗ ក្នុងការជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អ្វីដែលជាការងារបន្ត សម្ដេចតេជោ​បានជម្រាបជូនលោកជំទាវថា យើងគប្បីលើកកម្ពស់អនុស្សារណៈដែលយើងបានចុះហត្ថលេខា​រួច​ហើយនោះ ទៅជាកិច្ចព្រមព្រៀង, ហើយកិច្ចព្រព្រៀងដែលយើងបានចុះហត្ថលេខារួចមកហើយនោះ គួរគប្បីជំរុញការអនុវត្តឈានទៅទទួលបានជោគជ័យលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាហើយ។

សម្តេចតេជោក៏បានមានប្រសាសន៍ផងដែរថា ក្រៅពីអនុស្សារណៈ និងកិច្ចព្រមព្រៀង ដែលយើងបានចុះហត្ថលេខាហើយ យើងគួរគប្បីពិនិត្យមើលថែមទៀតនូវតួនាទីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដើម្បីឈានទៅពង្រីកទំនាក់ទំនងការទូតរវាងប្រទេសនិងប្រទេស ឱ្យកាន់តែរឹងមាំថែមឡើងមួយកម្រិតទៀត៕ដោយ ជឹម ណារី