មនុស្ស៤នាក់បានស្លាប់ និង១២នាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១១ កញ្ញា ២០២០ 

MC៖ មនុស្ស៤នាក់បានស្លាប់ និង១២នាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដែលភាគច្រើនគ្រោះថ្នាក់ទាំងនេះ កើតឡើងដោយសារបើកបរលើសល្បឿនកំណត់ និងមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ។

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែកញ្ញា នៅកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍ចំនួន១០លើក បណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន៤នាក់ និងរបួសចំនួន១២នាក់ ក្នុងនោះរបួសធ្ងន់ចំនួន៩នាក់ និងរបួសស្រាលចំនួន៣នាក់   

តាមរបាយការណ៍បានឱ្យដឹងថា មូលហេតុដែលនាំឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ គឺបណ្ដាលមកពីបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ ប្រជែង បត់មិនប្រយ័ត្ន ងងុយ និងកត្តាយានយន្ដជាដើម ។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បានបណ្ដាលឱ្យខូចខាត ម៉ូតូចំនួន ១០គ្រឿង រថយន្តធុនតូច ៤គ្រឿង រថយន្តធុនធំ ២គ្រឿង និងយានផ្សេងៗ ២គ្រឿង។

ជុំវិញបញ្ហានេះ សមត្ថកិច្ចនគរបាល បានបន្តក្រើនរំលឹកប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយត្រូវបើកបរប្រកាន់ស្តាំ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ កុំបើកបរបញ្ច្រាស់ទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ហើយត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពពេលបើកបររថយន្ត និងពាក់មួកសុវត្ថិភាព ពេលធ្វើដំណើរតាមម៉ូតូ  ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ៕