រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយបង្កើនសមត្ថភាពផលិតព័ត៌មាន ឲ្យខ្លី ខ្លឹម ងាយយល់ រហ័ស ទុកចិត្តបាន សម្រាប់មហាជនទូទៅ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១០ កញ្ញា ២០២០


MC៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយ បង្កើនសមត្ថភាពផលិតព័ត៌មាន ឲ្យបានល្អ ខ្លី ខ្លឹម ងាយយល់ រហ័ស ទុកចិត្តបាន ទីណា ពេលណាក៏បាន សម្រាប់មហាជនទូទៅ បានមើល បានស្តាប់ និងអានគ្រប់ពេល ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការ បន្ទប់ស្ទូឌីយោការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKPនិងសាលប្រជុំ របស់មន្ទីរព័ត៌មានខេត្តកណ្តាល នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ថា អ្វីដែលសំខាន់ត្រូវផ្សាយ គឺជំហររបស់រាជរដ្ឋាភិបាល ឬការអនុវត្តន៍របស់រាជរដ្ឋាភិបាល និងត្រូវតែប្រឹងប្រែងរកព័ត៌មានណា ដែលគេចង់មើល ទើបស្ថាប័នព័ត៌មាននោះ ដំណើរការទៅមុខបាន ។ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ចាក់ជូនដល់បណ្តាមន្ទីរព័ត៌មានថា ជារៀងរាល់ខែ មិនបាច់ផ្ញើរបាយការណ៍ មកក្រសួងព័ត៌មាន អំពីការផ្សាយព័ត៌មាន បានប៉ុន្មានអត្ថបទ ក្នុង១ខែនោះទេ អ្វីដែលក្រសួងចង់ដឹងនោះ គឺនៅក្នុងខែនេះ មានប្រជាជនក្នុងខេត្ត គិតឬចង់ដឹង រឿងអ្វីជាសំខាន់ ? តើមន្ទីរព័ត៌មាន បានប្រតិកម្មទៅលើចម្ងល់របស់ប្រជាជនយ៉ាងដូចម៉្តេចខ្លះ? តាមរយៈនេះ គ្រប់មន្ទីរព័ត៌មានទាំងអស់ ត្រូវមានការជួបប្រជុំគ្នា ដើម្បីប្រមូលនូវរាល់ព័ត៌មាន ថាតើថ្ងៃនេះមានរឿងអ្វីកើតឡើងក្នុងខេត្តរបស់់ខ្លួន ដើម្បីធ្វើជារបាយការណ៍ ដាក់ជូនទៅគណ:អភិបាលខេត្ត តាមរយៈអភិបាលរង ទទួលបន្ទុកការងារ ព័ត៌មាន សម្រាប់អោយខេត្ត មានប្រតិកម្មឆ្លើយតប បានទាន់ពេលវេលា ចំពោះព័ត៌មាន ដែលកើតមានឡើងនោះ។
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ព័ត៌មាន ត្រូវធ្វើការពន្យល់អោយបានខ្លី ងាយយល់ នូវរឿងអ្វីមួយដែលបានផ្សាយទៅ ។ ការងារ ព័ត៌មាន មិនមែនជាតួឯក ធ្វើតែម្នាក់ឯងបានជោគជ័យនោះទេ ត្រូវមានកិច្ចសហការគ្នា ទើបធ្វើអោយព័ត៌មានបានល្អ ។ ឯកឧត្តម រដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តី គ្រប់លំដាប់ថ្នាក់ ត្រូវមានកិច្ចសហការសាមគ្គីភាពផ្ទៃក្នុងអោយបានរឹងមាំ និងមានយុត្តិធម៌ គិតពីគោលការណ៍ក្នុងការងារ ហើយត្រូវចេះប្រមូលគ្នាមកធ្វើការជារួម ទើបអាចសម្រេចបាន លទ្ធផលការងារល្អ៕