រាជរដ្ឋាភិបាលសម្រេចដំឡើងប្រាក់ឈ្នួលកម្មករនិយោជិតក្នុងវិស័យកាត់ដេរនៅឆ្នាំ២០២១ ចំនួន១៩២ដុល្លារ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១០ ០៩ ០២០

MC៖  រាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើងប្រាក់ឈ្នួលកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅឆ្នាំ២០២១ ចំនួន១៩២ដុល្លារ ក្នុងមួយខែ ដោយឡើងបានចំនួន២ដុល្លារ បើធៀបនឹងប្រាក់ឈ្នួលនៅឆ្នាំ២០២០នេះ ដែលមានត្រឹម១៩០ដុល្លារ។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ប្រាក់ចំនួន២ដុល្លារ ជាការឧបត្ថម្ភបន្ថែមរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ភាគីទាំងអស់បានឯកភាពឱ្យរក្សាចំនួនប្រាក់ឈ្នួលកម្មករឱ្យនៅដូចឆ្នាំ២០២០ ដោយសារតែវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ច ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់២ដុល្លារបន្ថែមទៀតលើតួលេខ១៩០ដុល្លារនេះ ដែលធ្វើឱ្យប្រាក់ឈ្នួលរបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងកើនដល់១៩២ដុល្លារ នៅឆ្នាំ២០២១ខាងមុខនេះ។
ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ ក្រុមប្រឹក្សាជាតិពិភាក្សាប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១ ឆ្នាំទី២ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដមបានបញ្ជាក់ថា ការកំណត់ប្រាក់ឈ្នួល២០២១នេះ នឹងជួយសម្រួលដល់ជីវភាពរបស់កម្មករកម្មការនីដែលកំពុងជួបការលំបាក ជាពិសេសបង្កើនផលិតភាពឱ្យរោងចក្រកាន់តែមានការប្រកួតប្រជែងជាមួយបណ្ដាប្រទេសនាំចេញទៅទីផ្សារអន្ដរជាតិ និងបង្កើនការវិនិយោគវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជាបានកាន់តែច្រើនបន្ថែមទៀត។
សំឡេង«ក្នុងស្មារតីអង្គប្រជុំថ្ងៃនេះ ភាគីនីមួយៗមានការយោគយល់គ្នាខ្ពស់ក្នុងការជជែកពិភាក្សា ហើយកិច្ចប្រជុំនេះ ក៏មានតួលេខផ្សេងៗច្រើន ដែលបានលើកឡើងរបស់និយោជក និងតួលេខសហជីព ។ ប៉ុន្ដែភាពខុសគ្នាទាំងអស់នេះ គឺជជែកគ្នាទៅ គឺគ្មានជម្រើសណាទៅរួចទេ ហើយចុងក្រោយគេបានស្នើឱ្យប្រគល់ភារកិច្ចនេះមកខ្ញុំ។ អ៊ីចឹងទេខ្ញុំថ្លឹងថ្លែងគម្លាតគ្នានៃភាគីទាំងពីរហើយ ក៏បានជ្រើសរើសតួលេខកណ្ដាលមួយ គឺ១៩០ដុល្លារ ហើយស្នើអង្គប្រជុំក៏បានអនុម័តជាឯកឆន្ទ ហើយឆ្នាំនេះ មិនមានការបោះឆ្នោតទេ ដែលភាគីទាំងពីរបានឯកភាពគ្នា ហើយខ្ញុំរាយការណ៍ទៅសម្ដេចតេជោ លោកក្នុងស្មារតីអាណិតស្រលាញ់ទៅដល់បងប្អូនកម្មករនិយោជិត ឆ្នាំនេះលោកបានបន្ថែម២ដុល្លារដែលបានកំណត់ដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា»។
លោក អាត ធន់ ប្រធានសហជីពកម្ពុជា បានឯកភាពទទួលយកការដំឡើងប្រាក់ឈ្នូល១៩២ដុល្លារក្នុងឆ្នាំ២០២១។ លោកថ្លែងថា បើទោះជាតួលេខតិចក៏ពិតមែន ប៉ុន្ដែវាក៏ជាវិជ្ជមានមួយក្នុងការដំឡើងប្រាក់ឈ្នួលដល់កម្មករ កម្មការិនី។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងជារៀងរាល់ឆ្នាំ។
ចាប់ពីឆ្នាំ១៩៩៧មក ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតដែលមានចំនួនតែ ៤០ដុល្លារអាមេរិក ក្នុងមួយខែ ត្រូវបានដំឡើងជាបន្តបន្ទាប់ ដោយនៅក្នុងឆ្នាំ២០២០នេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅកម្ពុជាមានចំនួន១៩០ដុល្លារ ក្នុងមួយខែ៕