កម្ពុជាទទួលបានកញ្ចប់ថវិកាពី ADB ចំនួន៥៧១លានដុល្លារសម្រាប់គម្រោងភាពធន់អាកាសធាតុ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១០ ០៩ ២០២០


MC: កម្ពុជាទទួលបានកញ្ចប់ថវិកាពីធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB ចំនួន៥៧១លានដុល្លារ សម្រាប់អនុវត្តគម្រោងភាពធន់អាកាសធាតុ ខណៈមានការព្យាករណ៍ថា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ នឹងធ្វើឲ្យផលិតផលក្នុងស្រុកសរុប(GDP)នៅកម្ពុជាធ្លាក់ចុះ០,៤ភាគរយ នៅត្រឹមឆ្នាំ២០២០នេះ និងអាចបន្តធ្លាក់ចុះ៩,៨ភាគរយ ទាបជាងផែនការនៅឆ្នាំ២០៥០ ប្រសិនពុំបានដោះស្រាយឱ្យទាន់ពេល។
ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា គម្រោងហិរញ្ញប្បទាននេះ បាននិងកំពុងវិនិយោគលើគម្រោងចំនួន៧សំខាន់ៗមានដូចជា ការកសាងសមត្ថភាពដល់ស្រ្តីឱ្យមានជំនាញវិជ្ជាជីវៈអាចទទួល បានចំណូលទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ វិស័យកសិកម្ម ប្រព័ន្ធ ធារាសាស្ត្រ ការអភិវឌ្ឍ ជនបទ វិស័យសុខាភិបាល វិស័យសាធារណការ និងការបង្កើតមុខរបរដល់ស្ត្រី។
ថ្លែងក្នុងសិក្ខាសាលាបញ្ចប់គម្រោងស្ដីពីការបញ្ជ្រាបភាពធន់នឹងអាកាសធាតុក្នុងផែនការ បញ្ជ្រាបយេនឌ័រដែលបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ នៅថ្ងៃទី១០ ខែកញ្ញា នេះ ឯកឧត្តម បាន បង្ហាញការជឿជាក់ថា កម្ពុជានឹងមានសមត្ថភាពកាន់តែ ប្រសើរឡើងខ្លាំងក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ សត្វល្អិតចង្រៃ ការកើនឡើងកម្តៅដែលបង្កផលប៉ះពាល់ និងខូចខាតធ្ងន់ធ្ងរដល់សង្គមជាតិ សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានឱ្យដឹងថា ក្រសួងកិច្ចការនារី បានទទួលថវិកាមួយផ្នែកនៃកញ្ចប់ថវិកាពីADBនេះ សម្រាប់អនុវត្តលើគម្រោងដែលជួយដល់ស្ត្រី និងក្រុមងាយរងគ្រោះទទួលបានចំណេះដឹង និងមានសមត្ថភាពគ្រប់គ្រងជីវភាពពីការប្រែប្រួលអាកាសធាតុ។ លោកជំទាវ មានប្រសាសន៍ថា ស្ត្រីត្រូវបានចាត់ទុកជាក្រុមងាយរងគ្រោះជាងគេ ដោយហេតុថា ស្ត្រីនៅតាមជនបទភាគច្រើនពឹងផ្អែកលើធនធានធម្មជាតិសម្រាប់ជីវភាពរស់នៅ និងមិនចេះនូវជំនាញ ឬវិធីសាស្រ្តក្នុងការសង្គ្រោះជីវិតក្នុងពេលមានគ្រោះមហន្តរាយ។
លោកស្រីបណ្ឌិត Sunniya Durrani Jamal នាយិកាADB ប្រចាំកម្ពុជា សន្យាជួយកម្ពុជាបន្តទៀត តាមរយៈស្វែងរកថវិកា និងបច្ចេកទេស ដែលធ្វើឱ្យប្រជាជនកម្ពុជាអាចបន្ស៊ាំខ្លួនបានទៅនឹងការប្រែប្រួលអាកាសធាតុ ដែលអាចឱ្យផលិតកម្មកសិកម្មធានាដល់ការផ្គត់ផ្គង់ស្បៀងអាហារ៕