អាយប៉ាជំរុញសមាជិកបង្កើនកិច្ចសហការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១០ ០៩ ២០២០


MC: អន្តរសភាអាស៊ាន ហៅកាត់ អាយប៉ា(AIPA) ជំរុញឱ្យមានកិច្ចសហការគ្នាទៅវិញទៅមក ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុង និងក្រោយវិបត្តិជំងឺកូវីដ១៩បញ្ចប់ សំដៅកសាងសហគមន៍អាស៊ានប្រកបដោយវិបុលភាព និងភាពរីកចម្រើនប្រកបដោយចីរភាព ។
សេចក្តីថ្លែងការណ៍របស់អាយប៉ា ក្រោយមហាសន្និបាត លើកទី៤១របស់ខ្លួន នៅថ្ងៃទី ១០ ខែកញ្ញានេះ បានបញ្ជាក់ថា ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការគ្នា អាចដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដូចជាការទប់ស្កាត់ជំងឺកូវីដ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩បញ្ចប់ទៅ។
មហាសន្និបាតអាយប៉ា លើកទី៤១ បានធ្វើឡើងពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference) ដោយសភាប្រទេសវៀតណាមធ្វើជាម្ចាស់។
រយៈពេល៣ថ្ងៃនេះ អង្គមហាសន្និបាត បានអនុម័តនូវសេចក្តីសម្រេចសំខាន់ៗមួយចំនួនដូចជា៖ តួនាទីរបស់សមាជិកសភាជាស្រ្តីក្នុងការធានាការងារ និងប្រាក់ចំណូលដល់កម្មករ និយោជិតជាស្រ្តី, ការចូលរួមរបស់សមាជិកសភាវ័យក្មេងអាយប៉ាក្នុងការកសាងសហគមន៍អាស៊ាន, តួនាទីសភាក្នុងការជំរុញភាពស្អិតល្មួត និងការងើបឡើងវិញនៃសេដ្ឋកិច្ចអាស៊ាននៅក្នុងដំណាក់កាល និងក្រោយការរាតត្បាតជំងឺកូវីដ១៩ ជាដើម។
នៅក្នុងឱកាសចូលរួមបិទមហាសន្និបាតនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា ស្មារតីចែករំលែក និងកិច្ចហប្រត្តិបត្តិការ គឺជាកត្តាមិនអាចខ្វះបានរវាងអាយប៉ា និងអាស៊ាន ដើម្បីធ្វើយ៉ាងណាឱ្យចក្ខុវិស័យរបស់អាស៊ានឆ្នាំ២០២៥ សម្រេចទៅដោយជោគជ័យ។
សូមបញ្ជាក់ថា អាយប៉ា ជាអង្គការអន្តរសភាតំណាងស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន(ASEAN) ដែលមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
អង្គការអន្តរសភាមួយនេះ តែងតែប្រារព្ធមហាសន្និបាតរបស់ខ្លួនជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកផ្លាស់វេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះប្រទេសតាមអក្សរឡាតាំង ដើម្បីប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ដៃគូរបស់អាស៊ានក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ៕