កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការការពារធនធានធម្មជាតិនិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ

វិទ្យុជាតិកម្ពុជា ៖ វ៉ែន សុវុទ្ធី ១០ ០៩ ២០២០

MC៖  រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការការពារធនធានធម្មជាតិនិងកាត់បន្ថយការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព។

ថ្លែងក្នុងវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២០ វគ្គប្រកួតដំបូងនៅខេត្តកំពង់ធំ នាពេលថ្មីៗនេះ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា  ក្រសួងបរិស្ថាន មានវិសាលភាពមុខងារគ្របដណ្តប់ ទៅលើការងារគាំពារ      បរិស្ថាន ការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ហើយវេទិកាជជែកពិភាក្សានេះ បានដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ចំណេះដឹងបរិស្ថានឲ្យដល់ប្រជាពលរដ្ឋ ពិសេសគឺយុវជន ។   ឯកឧត្តម បានបន្ថែមថា កម្ពុជាជារដ្ឋភាគីមួយនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ និងជាប្រទេសកំពុងទទួលរងនូវឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដូចនេះកម្ពុជាមានតួនាទី ចូលរួមដោះស្រាយបញ្ហានេះជាមួយអន្តរជាតិ។ 

ឯកឧត្តមបានលើកឡើងថា យើងមានដំណោះស្រាយ២យ៉ាង អំពីវិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដោយការចូលរួមមិនបង្កឱ្យមានការបំពុលផ្សេងៗ ទៅក្នុងបរិយាកាស ដូចជា ការបំពុលទឹក ការបំពុលដី ការបំពុលខ្យល់ និងការបំពុលដោយសំលេង  រួមទាំងចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ដែលមានមេត្រីភាពបរិស្ថាន ។ បន្ថែមពីនោះ យើងមានវិធានការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ ដោយការដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រ ក្នុងការបន្សុំាការរស់នៅរបស់ប្រជាពលរដ្ឋ ទៅនឹងការប្រែប្រួលអាកាសធាតុ ពាក់ព័ន្ធក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងវិស័យផ្សេងៗទៀត។

សូមបញ្ចាក់ថា វេទិកាជជែកពិភាក្សាយុវជនស្តីពីបរិស្ថានឆ្នាំ២០២០ វគ្គដំបូងនៅខេត្តកំពង់ធំ មានការចូលរួមពី ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត  មន្ទីរអប់រំ  យុវជន  និងកីឡា តំណាងគម្រោងUSAID ព្រៃឡង់បៃតង  សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមួយចំនួនទៀត ៕(ពិនិត្យហើយ មើលផង)៕