សមាជិកបក្សប្រឆាំងនៅបេឡារុស្ស លោកស្រី Kolesnikova ត្រូវបានចាប់ខ្លួននៅទីក្រុង Minsk 

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០​ — សមាជិកនៃក្រុមប្រឹក្សាសម្របសម្រួលរបស់បក្សប្រឆាំងនៅបេឡារុស្សម្នាក់ លោកស្រី Maria Kolesnikova ត្រូវបានចាប់ខ្លួន នឹងដាក់ក្នុងមន្ទីរឃុំឃាំងបណ្តោះអាសន្ននៅទីក្រុងមីន។

យោងតាមផតថល tut.by បានឱ្យដឹងថា ឪពុករបស់លោកស្រី Maria គឺលោក Alexander Kolesnikov បាននិយាយកាលពីថ្ងៃពុធថា «ប្រធានក្រុមស៊ើបអង្កេតនៃគណៈកម្មាធិការស៊ើបអង្កេតដ៏សំខាន់របស់នាយកដ្ឋានស៊ើបអង្កេត លោក Vasilyuk បានទូរស័ព្ទមកខ្ញុំ ហើយបានជូនដំណឹងថា នាងត្រូវបានចាប់ខ្លួន»។

ទន្ទឹមនឹងនេះដែរ គណៈកម្មាធិការព្រំដែននៃរដ្ឋបេឡារុស្សបានកត់សម្គាល់ថា ព័ត៌មានស្តីពីកន្លែង ស្នាក់នៅរបស់លោកស្រី Kolesnikova និងការវាយតម្លៃផ្លូវច្បាប់ចំពោះសកម្មភាពរបស់លោកស្រីនឹងត្រូវបានផ្តល់ជូននៅពេលក្រោយ។

កាលពីថ្ងៃអង្គារ ប៉ុស្តិ៍ទូរទស្សន៍រដ្ឋបេឡារុស្ស-១ បានរាយការណ៍នៅលើបណ្តាញ Telegram របស់ខ្លួនថា លោកស្រី Kolesnikova ត្រូវបានឃុំខ្លួន ក្នុងខណៈដែលលោកស្រីព្យាយាមឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសអ៊ុយក្រែន។ យោងតាមគណៈកម្មាធិការព្រំដែននៃប្រទេសបេឡារុស្សបានឱ្យដឹងថា លោកស្រីបានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនជាមួយអ្នកនាំពាក្យក្រុមប្រឹក្សា លោក Anton Rodnenkov និងលេខាធិការប្រតិបត្តិលោក Ivan Kravtsov ។ បុរសទាំងពីរនាក់នេះបានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យហើយ ក្រោយមកបានធ្វើដំណើរទៅកាន់ទីក្រុងគៀវ ដែលជាកន្លែងពួកគេបង្កើតការទំនាក់ទំនងគ្នា៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)