សិង្ហបុរីអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការផ្ទៃក្នុងអាស៊ាន ឱ្យខ្លាំងបន្ថែមទៀតនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០​ — ប្រធានសភាសិង្ហបុរី លោក Tan Chuan-Jin បានអំពាវនាវឱ្យមានវិធីសាស្រ្តសម្របសម្រួលឱ្យបានយ៉ាងល្អចំពោះបញ្ហាប្រឈមក្នុងតំបន់ នឹងបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការពង្រឹងកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការក្នុងអាស៊ានដែលមានស្រាប់ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។

នៅក្នុងសុន្ទរកថារបស់លោក ដែលបានថ្លែងនៅឯមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១ (AIPA ៤១) ដែលដឹកនាំដោយប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ដែលបានធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា មេដឹកនាំសិង្ហបុរីរូបនេះបានសង្កត់ធ្ងន់ថា បណ្តាប្រទេសសមាជិកអាស៊ានចាំបាច់ត្រូវប្រើប្រាស់វេទិកាដូចជា AIPA ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំង នឹងបង្កើតការយោគយល់គ្នា ការទុកចិត្តគ្នា និងទំនុកចិត្ត ដើម្បីទប់ទល់នឹងការរាលដាលជំងឺកូវីដ-១៩ ។

លោកបានអំពាវនាវឱ្យបណ្តាប្រទេសក្នុងតំបន់ រៀបចំសម្រាប់រយៈពេលធម្មតាថ្មីមួយបន្ទាប់ពីមានជំងឺរាតត្បាតនេះ នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការរបស់ខ្លួននៅក្នុងវិស័យដែលមានផលប្រយោជន៍រួម ដូចជាសន្តិសុខតាមប្រព័ន្ធអ៊ីនធើណេត និងការអភិវឌ្ឍទីក្រុងឆ្លាតវៃ ក៏ដូចជាប្រទេសដែលមានជំហរយូរអង្វែង ដូចជាការបញ្ឈប់ឧក្រិដ្ឋកម្មឆ្លងដែន និងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។

លោកបានសង្កត់ធ្ងន់ថា វានិងធានាថា អាស៊ាននៅតែមានភាពធន់ និងពាក់ព័ន្ធនៅក្នុងទសវត្សរ៍ ក្រោយៗទៀត។

លោកបានបញ្ជាក់ទៅលើខ្លឹមសារនៃប្រធានបទ «ការទូតសភាដើម្បីសហគមន៍អាស៊ានដែលមានស្អិតរមួត និងឆ្លើយតប» ដែលសម្រេចដោយប្រទេសវៀតណាម ដោយលោកបាននិយាយថា នេះជាការបង្ហាញថា ក្រុមនៃប្រទេសនេះចាំបាច់ត្រូវសម្របសម្រួលគ្នាប្រកបដោយសុខដុមរមនា ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវវិបត្តិសុខភាពមួយនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)