អាស៊ានឆ្នាំ ២០២០៖ វៀតណាមកោតសរសើរចំពោះសហគមន៍អាស៊ាន ដែលឈានមុខគេក្នុងការពុះពារបញ្ហាប្រឈម

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០​ — កាលពីថ្ងៃទី៩ ខែកញ្ញា បណ្តាគណៈប្រតិភូបរទេសបានកោតសរសើរប្រទេសវៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងរក្នុងការដឹកនាំសហគមន៍អាស៊ានពុះពារបញ្ហាប្រឈមនានា ខណៈដែលពួកគេចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២៧ ដែលជាផ្នែកមួយនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ (AMM-53) តាមប្រព័ន្ធអ៊ិនធើណេត  និងកិច្ចប្រជុំពាក់ព័ន្ធនានា។

សន្និសីទវីដេអូនេះត្រូវបានដឹកនាំដោយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាម លោក Pham Binh Minh។

កិច្ចប្រជុំនេះត្រូវបានចូលរួមដោយអគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi បណ្តារដ្ឋមន្រ្តីការបរទេសនៅអាស៊ាន មន្រ្តីជាន់ខ្ពស់អាស៊ាននៃសសរស្តម្ភទាំងបីនៃសហគមន៍អាស៊ាន គឺសហគមន៍សន្តិសុខ-នយោបាយអាស៊ាន (APSC) សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និងសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ក្នុងចំណោមអ្នកចូលរួមដទៃទៀត។

ប្រទេសវៀតណាមបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរក្សាកិច្ចសហប្រតិបត្តិការ និងអនុវត្តយ៉ាងពេញលេញប្រកបដោយប្រសិទ្ធភាពនូវគំនិតផ្តួចផ្តើមអាស៊ានឆ្នាំ ២០២០ ដោយសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងទាំងនោះបានទទួលជោគជ័យ។

អ្នកចូលរួមបានស្តាប់នូវរបាយការណ៍របស់ក្រុមការងារសម្របសម្រួលអាស៊ាន ស្តីពីភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ (ACCWG-PHE) ស្តីពីការឆ្លើយតបរបស់អាស៊ានចំពោះការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែលត្រូវបានប្រគល់ជូនដោយលោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម ប្រធាន SOM អាស៊ាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអាស៊ានឆ្នាំ ២០២០ ។

ពួកគេបានកោតសរសើរចំពោះតួនាទីរបស់ក្រុមការងារ ACCWG-PHE ក្នុងការសម្របសម្រួលការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ដោយពួកគេបាននិយាយថា ក្រុមការងារនេះបានចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការស្តារឡើងវិញក្រោយជំងឺរាតត្បាតនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)