អាស៊ានឆ្នាំ ២០២០៖ ការអភិវឌ្ឍអនុតំបន់ស្ថិតក្នុងកិច្ចពិភាក្សា នៅថ្ងៃដំបូងនៃកិច្ចប្រជុំ AMM-53

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០​ — កាលពីថ្ងៃទី៩ ខែកញ្ញា ការអភិវឌ្ឍអនុតំបន់ស្ថិតក្នុងចំណោមប្រធានបទសំខាន់ៗមួយចំនួននៃកិច្ចពិភាក្សាក្នុងអំឡុងពេលថ្ងៃធ្វើការដំបូងនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ (AMM-53) និងកិច្ចប្រជុំពាក់ព័ន្ធនានា។

សម័យប្រជុំពិសេសនៃកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានស្តីពីការអភិវឌ្ឍអនុតំបន់ ត្រូវបានដឹកនាំដោយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh។ នេះ គឺជាលើកទីមួយហើយដែលក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) បានបើកសម័យប្រជុំដាច់ដោយឡែកមួយស្តីអំពីបញ្ហានេះ។

ថ្លែងទៅកាន់កិច្ចប្រជុំនេះ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Masatsugu Asakawa បានលើកឡើងអំពីគំនិតផ្តួចផ្តើមរបស់ប្រទេសវៀតណាមក្នុងការដាក់បញ្ចូលអនុតំបន់ទៅក្នុងការអភិវឌ្ឍអាស៊ានទាំងមូលដោយលោកបាននិយាយថា វាជាការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់សម្រាប់ការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩។

ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) លោក Hidetoshi Nishimura បាននិយាយថា អាស៊ានបានលើកកម្ពស់តួនាទីសំខាន់របស់ខ្លួនក្នុងការតភ្ជាប់ និងអភិវឌ្ឍន៍អនុតំបន់នានានៅក្នុងតំបន់ដូចជាតំបន់ទន្លេមេគង្គ តំបន់កំណើនអាស៊ានបូព៌ានៃប្រទេសប្រ៊ុយណេ ដារូសាឡឹម – ឥណ្ឌូណេស៊ី – ម៉ាឡេស៊ី – ហ្វីលីពីន អាស៊ានបូព៌ា (BIMP-EAGA) និងតំបន់ត្រីកោណកំណើននៃប្រទេសឥណ្ឌូណេស៊ី – ម៉ាឡេស៊ី – ថៃ (IMT-GT) ។

លោកបាននិយាយថា តំបន់ទន្លេមេគង្គអាចជាគំរូមួយសម្រាប់ការអភិវឌ្ឍអនុតំបន់នៅក្នុងអាស៊ាន ក្នុងអំឡុងពេលដំណើរការសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៅក្នុងតំបន់។

អ្នកចូលរួមបានចែករំលែកយោបល់គ្នាអំពីបញ្ហាប្រឈម ដែលកំពុងកើតមាននៅក្នុងអនុតំបន់នានានៅអាស៊ាន ដូចជាគម្លាតអភិវឌ្ឍន៍ ភាពអត់ឃ្លាន សន្តិសុខស្បៀងអាហារ – ប្រភពទឹក – ថាមពល ការបំពុលបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុ។

ពួកគេបានស្នើឱ្យបណ្តាប្រទេសនៅអាស៊ានផ្តោតការយកចិត្តទុកដាក់ទៅលើទិដ្ឋភាពផ្សេងៗគ្នា នៃអនុតំបន់នីមួយៗ ដូចជាការជំរុញការផ្សារភ្ជាប់ទំនាក់ទំនងក្នុងតំបន់ ការអភិវឌ្ឍធនធានមនុស្ស ភាពជាដៃគូ រវាងវិស័យសាធារណៈ និងវិស័យឯកជន (PPP) ការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងការទាញយកអត្ថប្រយោជន៍ពីវិទ្យាសាស្ត្របច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)