វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប
       សហគមន៍បាគងភូមិខ្ញុំគ្រោងបង្កើតនៅពេលឆាប់ៗនេះ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរ
និងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងបានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិ កម្ពុជាឱ្យដឹងថា គម្រោងបង្កើតសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ដែលមានទីតាំងនៅភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាបនេះបានដាក់សំណើសុំច្បាប់អនុញ្ញាតពីរដ្ឋបាលខេត្តស្ថាប័នពាក់ព័ន្ធនិងពីអាជ្ញាធរជាតិអប្សរា រួចរាល់ហើយ នៅរង់ចាំតែការសម្រេចជាផ្លូវការប៉ុណ្ណោះ។ លោកបញ្ជាក់ថា
គោលបំណងបង្កើតសហគមន៍នេះ គឺដើម្បីប្រមូលម្តុំកញ្ចប់សេវាកម្មទេសចរណ៍ក្នុងសហគមន៍ឱ្យកាន់តែមានគុណភាពល្អស្របតាមតម្រូវការរបស់ភ្ញៀវទេសចរ ធ្វើឱ្យភ្ញៀវទេសចរពន្យាការស្នាក់នៅបានយូរ ហើយមកម្តងហើយចង់មកម្តងទៀត។
សំឡេង៖ ការពិតគម្រោងហ្នឹងទី១គឺបង្កើតនៅតំបន់ទេសចរណ៍ថ្មីៗបន្ថែម សម្រាប់ទាក់ទាញ ពន្យាការស្នាក់នៅរបស់ភ្ញៀវទេសចរ ទី២ដើម្បីរកការងារជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ បងប្អូនអាចរកការងារនៅសហគមន៍បាន យើងបង្កើតជាកន្លែងជួបជុំ ជារីសតតែស្របតាមគោលនយោបាយរបស់អាជ្ញាធរអប្សរា ដើម្បីត្រៀមទទួលភ្ញៀវមកកម្សាន្ត។
លោកបញ្ជាក់ថា គម្រោងនេះពិតជាមានសារៈសំខាន់ណាស់ ដោយមិនត្រឹមតែចូលរួមថែរក្សាប្រពៃណីវប្បធម៌របស់អ្នកស្រុកប៉ុណ្ណោះ ថែមទាំងបានបង្កើតឱកាសប្រាក់ចំណូលថ្មីបន្ថែមទៀតដល់ប្រជាពលរដ្ឋ ដូចជាការពង្រីកការដាំដុះបន្លែ ការចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ចំណីអាហារដល់ភ្ញៀវទេសចរ បង្កើតសេវាផ្ទះស្នាក់នៅ អាហារដ្ឋាន សេវានាំភ្ញៀវទេសចរ ដើរកម្សាន្តជាដើម។
គួរជម្រាបផងដែរថា សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ជាតំបន់ទេសចរណ៍ បែបវប្បធម៌ធម្មជាតិដ៏ល្អប្រណិត ដោយមានប្រាង្គប្រាសាទបុរាណ ព្រៃឈើតូចធំនៅលាយឡំជាមួយនឹងផ្ទះអ្នកស្រុកបែបប្រពៃណី ដែលជាទីទាក់ទាញភ្ញៀវទេសចរទៅទស្សនាកម្សាន្ត៕