ការចរចាប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតឆ្នាំ២០២១នឹងត្រូវបញ្ចប់នៅថ្ងៃទី១០ខែកញ្ញាស្អែកនេះ
វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា
ភ្នំពេញ៖មន្រ្ដីជាន់ខ្ពស់ក្រសួងការងារ បានអះអាងថា ការចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតឆ្នាំ២០២១ នឹងត្រូវបញ្ចប់នាថ្ងៃទី១០ខែកញ្ញាស្អែកនេះ បន្ទាប់ពីភាគីនីមួយៗបានពិភាក្សាគ្នាយ៉ាងល្អប្រសើរ និងមានការយោគយល់គ្នាទៅវិញទៅមក។
ឯកឧត្ដម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: មានប្រសាសន៍ថា ការចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតនាឆ្នាំ២០២១នៅថ្ងៃនេះ មានភាពវិជ្ជមានច្រើន ប៉ុន្ដែការចរចានេះមិនទាន់ឈានដល់ការសម្រេចចុងក្រោយនៅឡើយនោះទេ ដោយភាគីទាំង៣បានឯកភាពគ្នាថា នៅថ្ងៃទី១០ខែកញ្ញាស្អែកនេះ នឹងពិភាក្សាគ្នាបន្ដិចទៀត មុននឹងឈានដល់ការសម្រេចចុងក្រោយតែម្ដង។
ថ្លែងក្នុងកិច្ចប្រជុំស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដមបញ្ជាក់ថា ការចរចាប្រាក់ឈ្នួលនេះ ភាគីទាំង៣ មិនទាន់បានបង្ហាញតួលេខណា មួយនោះទេ ដោយរក្សាជំហរតួលេខចាស់ដដែល ។
សំឡេង«ការចរចាប្រាក់ឈ្នួលឆ្នាំនេះ គឺមិនមានភាពតានតឹងនោះទេ ខ្ញុំឃើញថាយន្ដការនៃការចរចា ភាគីដែលជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានេះ គឺគាត់មានភាពចាស់ទុំច្រើន ហើយយើងមានភាពភ្ញាក់ផ្អើលចំពោះកាយោគយល់គ្នា ចំពោះការតស៊ូមតិជាមួយគ្នាគឺផ្អែកតាមលក្ខណៈបច្ចេកទេស និងលក្ខណៈវិនិច្ឆ័យ។ បើទោះបីជាការគណនាវាមានភាពលម្អៀងគ្នា ប៉ុន្ដែភាគីនីមួយៗឈរលើកាវិនិច្ឆ័យទាំង៧ ហើយយើងពិភាក្សាគ្នាប្រកបដោយភាពរីករាយ និងនិយាយគ្នាទៅលើទិដ្ឋភាពជាក់ស្ដែង យោគយល់គ្នា និងសន្យាជួយគ្នាទៅវិញទៅមកពេលងើបឡើងវិញនូវសេដ្ឋកិច្ចពិភពលោក»។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងជារៀងរាល់ឆ្នាំ ។ចាប់ពីឆ្នាំ១៩៩៧មកប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតមានចំនួនតែ ៤០ ដុល្លារអាមេរិកក្នុងមួយខែទេ តែឆ្នាំ២០២០នេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅកម្ពុជាមានចំនួន១៩០ដុល្លារអាមេរិកក្នុងមួយខែ៕