អាជ្ញាធរនិងពុទ្ធបរិស័ទនៅខេត្តស្ទឹងត្រែងរួមគ្នាពន្លឿនការសាងសង់ព្រះវិហារវត្តជោតិញ្ញារាមហៅវត្តគីឡូ៨

វិទ្យុជាតិកម្ពុជា គឹមហឿនស្ទឹងត្រែង
MC៖អាជ្ញាធរនិងពុទ្ធបរិស័ទរួមគ្នាពន្លឿនការសាងសង់ព្រះវិហារវត្តជោតិញ្ញារាមហៅវត្តគីឡូ៨នៅខេត្តស្ទឹងត្រែងអោយហើយនៅពេលឆាប់ៗនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពុទ្ធបរិស័ទបានធ្វើបុណ្យ ប្រកបដោយសទ្ធាជ្រះថ្លា។
នៅថ្ងៃបុណ្យកាន់បិណ្ឌទី៧ត្រូវនឹងថ្ងៃទី០៩កញ្ញាឆ្នាំ២០២០ ឯកឧត្តមឈាងឡាក់ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា៖អាជ្ញាធរបានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការនិងប្រជាពលរដ្ឋយើងជួយបរិច្ចាក ធនធាន ទៅតាមសទ្ធាជ្រះថ្លាដើម្បីស្ថាបនាព្រះវិហារនៅក្នុងទីអារាមវត្តជោតិញ្ញារាម(ហៅវត្តគីឡូ៨)នេះ អោយហើយនៅពេលឆាប់ៗនេះ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាមានប្រសាសន៍បញ្ចាក់ថា៖ទីអារាមជាថ្នាលផ្តល់នៅពុទ្ធិគ្រប់យ៉ាង ហើយព្រះសង្ឃក៏មានតួនាទីផ្តល់ឱវាទ ជួយអប់រំកូនចៅប្រជាពលរដ្ឋយើងឱ្យប្រកាន់នៅភាពស្អាតស្អំ ទាំងផ្លូវកាយ និងផ្លូវចិត្ត រស់នៅគោរពច្បាប់សង្គម។
ឯកឧត្តមបន្តទៀតថា៖ក្នុងពេលដែលព្រះសង្ឃប្រឹងប្រែងដឹកនាំកសាងសមិទ្ធផលនានានៅក្នុងទីអារាម ប្អូនៗយុវជន យុវតីក៏ត្រូវប្រតិបត្តិ ធ្វើខ្លួនជាប្រជាពលរដ្ឋល្អ (នៅឆ្ងាយពីគ្រឿងញៀន- គោរពច្បាប់ចរាចរណ៍ -អនុវត្តតាមក្រសួងសុខាភិបាលណែនាំ-) ហើយនាំគ្នាចូលរួមជួយបរិច្ចាកធនធានសម្រាប់កសាង សមិទ្ធផលក្នុងផ្នែកព្រះពុទ្ធសាសនាផង។
ព្រះតេជគុណ អាំផា ចៅអធិការវត្តជោតិញ្ញារាមហៅ(គីឡូ៨) មានថេរដីការគាំទ្រចំពោះ ទឹកចិត្តដ៏ល្អប្រសើនេះ ព្រោះកត្តាសាមគ្គីបាននាំឲ្យមានការស្ទួយដល់ការងារអភិវឌ្ឃន៍ទាំងផ្នែកអាណាចក្រនិងពុទ្ធចក្រ ហើយទីអារាមមានព្រះវិហារ មានឧបដ្ឋានសាលា បងប្អូនប្រជាពលរដ្ឋ មកធ្វើបុណ្យទានក៏មានភាពងាយស្រួល។
ព្រះតេជគុណមានថេរដីការ អំពាវនាវបន្ថែម ទៅដល់បងប្អូនសប្បុរសជន នៅក្នុងនិងក្រៅប្រទេស សូមជួយផ្តល់ធនធាន សម្រាប់ជួយកសាង ព្រះវិហារនេះផង ដើម្បីតម្កល់ទុកក្នុងផ្នែកព្រះពុទ្ធសានា ស្របពេលដែលប្រទេសកម្ពុជាយើងកំពុងមានការអភិវឌ្ឍ។
សូមបញ្ជាក់ថា៖ ព្រះវិហារដែលកំពុងសាងសង់ឡើងនេះ មានទទឹង ១០ម៉ែត្រ បណ្តោយ២០ម៉ែត្រ និងមានសសរចំនួន៤៨ដើម ទើបសាងសង់បានជាង១០%តែប៉ុណ្ណោះ៕