កម្ពុជា-ស្វីស ប្ដេជ្ញារួមគ្នាលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា
ភ្នំពេញ៖ កម្ពុជា-ស្វីសបានប្ដេជ្ញារួមគ្នាលើកកម្ពស់ធនធានមនុស្ស នឹងបង្កើតឱកាសការងារ ដល់យុវជនងាយ​រងគ្រោះ និងកម្មករនិយោជិត ដែលមានជំនាញទាប។

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Markus Buerli នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ទើបតែងតាំងថ្មី នៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ នៅទីស្តីការក្រសួង ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ការបន្ដលើកកម្ពស់ធនធានមនុស្សនេះ បានស្របទៅនឹងគោលនយោបាយអភិវឌ្ឍឧស្សាហកម្មកម្ពុជា គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
ឯកឧត្តមបន្តថា កម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី១ (២០១៦-២០២០)បានបញ្ចប់ដោយជោគជ័យ បានបង្កើនប្រាក់ចំណូលនិង បង្កើតការងារសមរម្យ សម្រាប់យុវជនទាំងបុរស និងស្រ្តី ។
ឯកឧត្តមបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រទាំងថវិកានិងបច្ចេកទេសរបស់ប្រទេសស្វីសដល់ រាជរដ្ឋាភិបាលកម្ពុជាលើវិស័យ ជាច្រើនតាមរយៈគម្រោងនានា ជាពិសេសការផ្តោតអាទិភាពខ្ពស់លើការកសាងធនធានមនុស្ស ក្នុងវិស័យ បណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ។
ឯកឧត្តមបានបន្តថា នៅក្នុងគម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី២ (២០២០-២០២៤) ដែលចាប់ផ្តើមអនុវត្តកាលពីខែកក្កដា ឆ្នាំ២០២០ រហូតដល់ ខែមិថុនា ឆ្នាំ២០២៤ គឺមានគោល បំណងចម្បង ក្នុងការបង្កើតឱកាសការងារ ដល់បុរស និងស្រ្តីវ័យក្មេងដែលងាយរងគ្រោះ និងកម្មករ-និយោជិត ដែលមានជំនាញទាប និងគាំទ្រប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងខេត្តគោលដៅ។
លោក Markus Buerli បានឱ្យដឹងថា បទពិសោធន៍របស់ប្រទេសស្វីស ដែលបានក្លាយទៅជាប្រទេសអភិវឌ្ឍន៍ជឿនលឿន យ៉ាងឆាប់រហ័ស ដោយសារតែ យុវជនស្វីសប្រមាណ ២/៣ បានចូលរៀនជំនាញវិជ្ជាជីវៈសិនដើម្បីទទួលបានការងារធ្វើ ហើយបន្តបន្ទាប់មកទៀតទើបពួកគេអាច បន្តការសិក្សាទៅសកលវិទ្យាល័យ ដែលនេះគឺមានតម្លៃយ៉ាងខ្លាំងក្នុងការកសាងបាននូវធនធានមនុស្សចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ នេះបទពិសោធន៍ដ៏ល្អមួយសម្រាប់កម្ពុជាយើងលើកទឹកចិត្តដល់យុវជនកម្ពុជាឱ្យស្គាល់ពីគុណតម្លៃនៃជំនាញវិជ្ជាជីវៈ ហើយចាប់យកនូវជំនាញមួយពិតប្រាកដសិនសម្រាប់ឱកាសការងារ និងមុខរបររបស់ខ្លួន ដែលជាជម្រើសមួយមុននឹងបន្តការសិក្សាទៅកំរិតខ្ពស់ជាងនេះ៕