ភ្នំខ្វាវឬភ្នំតាក្រហមកក្នុងខេត្តពោធិ៍សាត់កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរមកកម្សាន្តបែបផ្សងព្រេង

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី
ពោធិ៍សាត់៖ ភ្នំខ្វាវឬភ្នំតាក្រហមកក្នុងខេត្តពោធិ៍សាត់ កំពុងមានការចាប់អារម្មណ៍​យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ​មកកម្សាន្តបែបផ្សងព្រេង ដោយសារតែពេលបានឡើងទៅដល់កំពូលភ្នំ យើងអាចទស្សនាទេសភាព​បានយ៉ាងច្បាស់ ជាពិសេសស្រូបយកខ្យល់អាកាសបរិសុទ្ធ ។

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ក្រៅពីតំបន់ភ្នំជាច្រើនដែល​​មន្ត្រីជំនាញមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានរកឃើញជាបន្តបន្ទាប់ ក៏មានលេចចេញនូវតំបន់ទេសចរណ៍ថ្មីមួយ គឺភ្នំខ្វាវ ឬភ្នំរាំងខ្វាវ ហៅភ្នំតាក្រហមក ក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ដែលភ្ញៀវទេសចរអាចឡើង​​ទៅលើភ្នំដើម្បីមើលទេសភាពដ៏ស្រស់ត្រកាល ជាពិសេសគយគន់ទេសភាពនាព្រឹកព្រលឹម ។

លោកបន្តថា កំពូលភ្នំលោកតាក្រហមក ភ្ញៀវទេសចរអាចឈរមើលព្រៃព្រឹក្សា និងទេសភាពជុំវិញភ្នំ ជាពិសេសមើលថ្ងៃលិចនៅលើកំពូលភ្នំបានយ៉ាងស្រស់ស្អាត។ ភ្នំនេះ ហ៊ុមព័ទ្ធដោយព្រៃឈើនិងរុក្ខជាតិ​ជាច្រើនប្រភេទ និងមានប្រភពទឹកដែលអាចមុជលេងកម្សាន្តយ៉ាងសប្បាយរីករាយផង ។

សំឡេង ៖ «ភាគច្រើនភ្ញៀវដែលបានឡើងភ្នំនេះ គឺសរសើរទេសភាពស្អាត ព្រោះថានៅពេលដែល​យើងឡើងទៅដល់កំពូលភ្នំ គឺយើងមើលឃើញទេសភាពជុំវិញទាំងអស់នោះ មើលឃើញដល់ខេត្តកំពង់ឆ្នាំង ឃើញខេត្តពោធិ៍សាត់ ឃើញភ្នំទំព័រ ភ្នំសំកុសក៏មើលឃើញដែរ ឃើញស្រឡះស្អាតតែម្ដង ហើយសម្រាប់ការសម្រាកនៅពេលយប់ គឺមានខ្យល់បក់ត្រជាក់តែម្ដង ខ្យល់បក់ខ្លាំង ហើយភ្ញៀវទេសចរដែលបានឡើងច្រើនជាងគេ គឺភ្នំតាក្រហមកនេះតែម្តង » ។

លោកប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់បន្ថែមថា សម្រាប់ភ្ញៀវទេសចរដែលមានបំណងចង់ឡើងភ្នំខ្វាវ ហៅភ្នំតាក្រហមក សូមធ្វើទំនាក់ទំនងមកខាងមន្ទីរទេសចរណ៍ខេត្ត ឬទំនាក់ទំនងទៅខាងសហគមន៍​រាំងខ្វាវផ្ទាល់តែម្តង ដើម្បីទទួលបាន អ្នកនាំផ្លូវជួយសម្រួលឲ្យងាយស្រួលក្នុងការឡើងភ្នំ ។

សូមបញ្ជាក់ថា ភ្នំតាក្រហម.ក. មានទីតាំងស្ថិតនៅភូមិរាំងខ្វាវ ឃុំសន្ទែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ហើយភ្ញៀវទេសចរ អាចជ្រើសរើសផ្លូវធ្វើដំណើរចំនួន៣ផ្សេងគ្នា ដោយចេញពីភ្នំពេញទៅដល់ផ្លូវទី១ គឺចូលតាមបំណក់ច្រកល្អៀងដែលមានប្រវែង ប្រមាណ ៣០គីឡូម៉ែត្រ ហើយផ្លូវទី២ ចូលតាមស្រុកភ្នំក្រវ៉ាញ​ដែលមាន​ចម្ងាយប្រហែល៤០គីឡូម៉ែត្រ និងផ្លូវទី៣ ចូលតាម ក្លោងទ្វារវត្តកណ្ដាលទីរួមស្រុកក្រវ៉ាញ ដែលមានប្រវែង៣៧គីឡូម៉ែត្រ ៕