ក្រសួងធនធានទឹកមានផែនការបន្តស្តារព្រែកនិងធ្វើទំនប់ស្ទាក់ទឹកប្រើប្រាស់នារដូវប្រាំង

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស
ភ្នំពេញ៖ ក្រសួងធនធានទឹកមានផែនការស្តារព្រែកជាច្រើននៅអមសងខាងដងទន្លេមេគង្គទន្លេសាបនិងទន្លេបាសាក់ដើម្បីស្តុកទឹកទុកនៅ ពេលមានទឹកជំនន់ និងសម្រាប់ធានាជួយដល់កសិករ មានទឹកប្រើប្រាស់គ្រប់គ្រាន់ ក្នុងការបង្កបង្កើនផលរដូវប្រាំង ។
ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានមានប្រសាសន៍ថា ដោយសារខេត្តមួយ ចំនួន នៅតាមដងទន្លេមេគង្គ ធ្លាប់បានជួបបញ្ហាប្រឈម ពាក់ពន្ធ័ទៅនឹងបញ្ហាគ្រោះរាំងស្ងួត ដែលមកពីមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់ ទើបក្រសួងធនធានទឹកនិងឧតុនិយម បានសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីជួយស្តារព្រែក និងប្រព័ន្ធធារាសាស្ត្រ នៅតាមបណ្តា ខេត្ត ដែលស្ថិតនៅតាមដងទន្លេ ក្នុងបំណងរក្សាទឹកអោយបានច្រើនជាងមុន សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការបង្កបង្កើនផល ។
សំឡេង « ចំណុចមួយទៀត គឺពេលដែលទឹកចំនួនឡើងមកវានឹងលិចនៅតាមបណ្ដាព្រែកនានាដែលនៅអមសងខាងទន្លេ ទាំងទន្លេមេគង្គ និងទន្លេសាបដូចជាទន្លេបាសាក់និងបណ្ដាបឹងបួរធម្មជាតិមួយចំនួនទៀតហើយនៅពេលដែលទឹកចាប់ផ្ដើមស្រកយើងចាប់ផ្ដើមស្ទាក់ទឹកទុកសម្រាប់បម្រើឲ្យការងារបង្កបង្កើនផលរបស់ប្រជាកសិករ ឬក៏ការងារដាំដុះនៅពេលរដូវសម្រកទៅ យើងរក្សាទុកសម្រាប់ប្រើប្រាស់ក្នុងការងារនេះ ហើយការងារនេះក្រសួងធនធានទឹកបានធ្វើជារៀងរាល់ឆ្នាំ » ។
ឯកឧត្តមបន្តថា ការស្ដារព្រែកនេះ ក្រសួងធនធានទឹកនិងឧតុនិយម បានសហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ក្នុងការស្ដារព្រែកមួយចំនួនរួចមកហើយ ហើយក៏បានធ្វើ ទ្វារទឹកផងដែរ សម្រាប់បិទបើក។ នៅពេលទឹកស្រក យើងនឹងទម្លាក់ទ្វារបិទ ដើម្បីស្តុកទឹកសម្រាប់ការងារបង្កបង្កើនផល ។
ឯកឧត្តមបានបន្តទៀតថា ក្រសួងបានតម្លើងស្ថានីយបូមទឹកចល័ត ដើម្បីដាក់តាមដងទន្លេ ហើយនៅពេលមានការខ្វះខាតទឹក ក្រុមការងារជំនាញនឹងធ្វើការបូមជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា ។
សូមបញ្ជាក់ថា ក្រសួងធនធានទឹកនិងឧតុនិយមមិនត្រឹមតែមានផែនការយុទ្ធសាស្រ្តនក្នុងការផ្ទុកទឹកសម្រាប់ប្រើប្រាស់តាមរយៈការស្តារព្រែក ឬប្រព័ន្ធធារាសាស្រ្តតែប៉ុណ្ណឹងទេ គឺថែមទាំងបាននិងកំពុងកសាងប្រព័ន្ធទំនប់ស្ទាក់ទឹកនៅតាមបណ្តាខេត្តជាច្រើនទៀត ដើម្បីធានាលើការងារបង្កបង្កើនផលរបស់ប្រជាកសិករ ឲ្យមានទឹកស្រោចស្រពគ្រប់គ្រាន់៕