ស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាឱ្យសមត្ថកិច្ចចុះល្បាតទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាព

វិទ្យុជាតិកម្ពុជា៖ លោកស៊ុន សំនៀង

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាឱ្យសមត្ថកិច្ចចុះល្បាត​ទប់ស្កាត់បទល្មើស​ក្នុងមូលដ្ឋាន​ឱ្យមាន​​ប្រសិទ្ធភាពដើម្បីការពារសន្តិសុខជួនដល់ប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភ ។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ ទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា កងកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញភារកិច្ចជូនអង្គភាព ត្រូវតែបម្រើការងារជួនពលរដ្ឋឱ្យកាន់តែល្អប្រសើរ ជាពិសេសត្រូវបង្ការ និងទប់ស្កាត់បទល្មើសនានានៅក្នុងមូលដ្ឋានឱ្យបានល្អ ។

ឯកឧត្តមបញ្ជាក់ថា ការបង្កើនការពារសន្តិសុខជួនប្រជាពលរដ្ឋនេះ ដើម្បីទប់ស្កាត់ ករណីលួច ឆក់ប្លន់ និងចោរចូលលួចគាស់ផ្ទះយកទ្រព្យសម្បត្ដិ របស់ប្រជាពលរដ្ឋ ខណៈម្ចាស់ផ្ទះអាចនឹងធ្វើដំណើរការកម្សាន្ដតាមបណ្ដាខេត្ដនានានៅទូទាំងប្រទេស ។

ជាមួយគ្នានោះ ឯកឧត្តមស្នងការ ក៏បានណែនាំដល់តាមអង្គភាពទាំងអស់នៅក្នុងមូលដ្ឋាន ត្រូវតែយកចិត្តទុកដាក់រៀបចំកន្លែងការងារឱ្យបានស្អាត និងមានអនាម័យល្អ ជាពិសេសកងកម្លាំងទាំងអស់ ត្រូវតែគោរពវិន័យកងកម្លាំង និងត្រូវរក្សាការហ្វឹកហាត់ ជាប្រចាំ៕