មន្ត្រី ក ប ប ខេត្តស្ទឹងត្រែងចុះពិនិត្យកញ្ចប់ទេយ្យទានដែលដាក់លក់ក្នុងផ្សារសាមគ្គី នារដូវភ្ជុំបិណ្ឌនេះ

វិទ្យុជាតិកម្ពុជា គឹមហឿនស្ទឹងត្រែង
M.C មន្ត្រីផ្នែកការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំហៅកាត់ថា( ក ប ប) និងមន្ត្រីមន្ទីរពាណិជ្ជកម្ម ខេត្តស្ទឹងត្រែង បានចុះពិនិត្យទេយ្យវត្ថុដែលក្រុមអាជីវករវេចខ្ចប់ លក់ដូរនៅ ផ្សារសាមគ្គី ស្ទឹងត្រែងដើម្បីពិនិត្យពីគុណភាពទំនិញទាំងអស់នោះ។

ក្នុងសកម្មភាពចុះពិត្យគ្រឿងឧបភោគ បរិភោគ នៅថ្ងៃទី៩កញ្ញានេះ លោក គឹមប្រុស ប្រធានសាខាផ្នែកការពារអ្នក​​ប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ប្រចាំខេត្តស្ទឹងត្រែងបានបញ្ជាក់ថា  ទេយ្យវត្ថុទាំងនេះត្រូវ​អាជីវករមួយចំនួនចេះតែកេងចំណេញលួចដាក់ចំណីអាហារដែលខូចគុណភាពឬជិតហួសកាលបរិច្ឆេទប្រើប្រាស់ ហើយទម្លាក់កំហុសថាមិនបានពិនិត្យ។

លោកបន្តថា មន្ត្រីជំនាញនឹងធ្វើឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីចៀសវាងកុំឱ្យភ្ញៀវទេសចេរ ប្រជាពលរដ្ឋ ឬព្រះសង្ឃ​​រងផលប៉ះពាល់ពីចំណីអាហារទៅលើផ្នែកសុខភាព។
លោកស្រីភាត សុភារី អាជីវករលក់ទេយ្យទាននិងទំនិញ​នៅផ្សារស្ទឹងត្រែងបានសាទរជាមួយនឹង​សកម្មភាពចុះអនុវត្ត​ដ៏ម៉ឺងម៉ាត់នេះ ព្រោះពេលបានមកត្រួតពិនិត្យដូចបាន​បង្កើនការថែរក្សាសុខភាពទាំងអស់គ្នារួមនឹងព្រះសង្ឃផងដែរ ។

លោកឆៃយុន អ្នកទិញគ្រឿងទេយ្យវត្ថុមកលក់បន្ត បានបញ្ជាក់ថា លោកបានប្រុងប្រយ័ត្នណាស់ព្រោះ​​នៅរដូវបុណ្យទាន ចង់បានបុណ្យនិងខ្លាចបាបដែរ មិនហ៊ាផ្តេសផ្តាស់ទេ តែរបស់ដែលហួសកំណត់​​ប្រើប្រាស់ដែលលាយឡំនៅក្នុងទេយ្យទាន អាចម្ចាស់ដើមអ្នកវេចខ្ចប់ទុកយូរពេក ក៏មានដែរ។

លោកភូ សុខ គា មន្ត្រីជំនាញនៃមន្ទីរពាណិជ្ជកម្មបានសំណូមពរដល់អាជីវករទាំងអស់ សូមចូលរួមជាមួយសមត្ថកិច្ចបើមានការសង្ស័យទៅលើទំនិញណាមួយមានភាពមិនប្រក្រតីសូមរាយការណ៍ជូនទៅអាជ្ញាធរដែលនៅជិតបំផុតដើម្បីមានវិធានការរលើទំនិញទាំងអស់នោះ។
សូមបញ្ជាក់ថាសកម្មភាពការពិនិត្យចំណីអាហារនេះមន្ត្រីជំនាញបានដកហូតចំណី​អាហារខូចគុណ​​ភាពមួយចំនួន​​ដូចជា ប្រហិតចំនួន៤គីឡូក្រាម  ពពុះសណ្តែក និងចំណីអាហារផ្សេងៗ​​មួយចំនួនយកទៅកំទេចចោល៕