សភាកម្ពុជាគាំទ្ររាល់កិច្ចសន្ទនាដែលផ្សះផ្សាជម្លោះក្នុងតំបន់

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី
ភ្នំពេញ៖ ឯកឧត្ដម ឈាង វុន សមាជិករដ្ឋសភាកម្ពុជា លើកឡើងថា សភាកម្ពុជាគាំទ្រ និងជំរុញការបន្តកិច្ចសន្ទនា កសាងទំនុកចិត្ត ស្វែងយល់គ្នាទៅវិញទៅមក ក្នុងការដោះស្រាយជម្លោះ ឬការមិនចុះសម្រុងគ្នានៅក្នុងតំបន់។
ការលើកឡើងនេះ ធ្វើឡើងកិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាន ហៅកាត់ អាយប៉ា (AIPA) លើកទី៤១ តាមរយៈប្រព័ន្ធវីដេអូ(Video Conference) ដែលសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ។
ឯកឧត្ដម បានផ្ដល់បទអន្តរាគមន៍ទៅកាន់កិច្ចប្រជុំនេះ ដោយលើកឡើងពីការគំរាមកំហែងនៃជំងឺរាតត្បាតកូវីដ-១៩ និងការកើនឡើងនៃនិន្នាការឯកតោភាគីនិយម ការគាំពារនិយម សង្គ្រាមពាណិជ្ជកម្ម ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកំពុងគំរាមកំហែងដល់សណ្ដាប់ធ្នាប់អន្តរជាតិ ខណៈបញ្ហាប្រឈមដែលមានស្រាប់នៅមិនទាន់ត្រូវបានដោះស្រាយ ដូចជា ការប្រែប្រួលអាកាសធាតុ បញ្ហាសន្តិសុខទឹក ស្បៀង ជម្លោះហិង្សា ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណែត អន្តោប្រវេសន៍ខុសច្បាប់ និងភាពក្រីក្រ ជាដើម។
ឯកឧត្ដម ឈាង វុន មានប្រសាសន៍ថា បញ្ហាស្មុគ្រស្មាញទាំងអស់នេះ គឺជាឧបសគ្គដល់ការរក្សាសន្តិភាព សន្តិសុខប្រកបដោយចីរភាព ដែលទាមទារការយកចិត្តទុកដាក់និងចូលរួមដោះស្រាយពីគ្រប់ប្រទេស និងភាគីពាក់ព័ន្ធទាំងអស់។ ឯកឧត្តមបន្តថា អង្គការនីតិប្បញ្ញត្តិ និងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរសភាអាស៊ាន គឺជាតួអង្គសំខាន់ តាមរយៈការទូតសភា ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខរបស់តំបន់ ក៏ដូចជាពិភពលោក។
ឯកឧត្ដមបញ្ជាក់ថា «កម្ពុជាបានធ្វើការកែសម្រួលខ្លឹមសារមួយចំនួនលើសេចក្ដីព្រាងសេចក្ដីសម្រេចរបស់គណៈកម្មាធិការនយោបាយអាយប៉ា ដោយបានផ្ដោតសារៈសំខាន់យ៉ាងខ្លាំងលើការរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់អាស៊ាន»។
គណៈប្រតិភូសភាប្រទេសអាស៊ានផ្សេងៗទៀត ក៏បានលើកឡើងពីសារៈសំខាន់នៃការទូតសភា និងការប្រើមធ្យោបាយសន្តិវិធីក្នុងការដោះស្រាយជម្លោះ ឬការមិនចុះសម្រុងគ្នានៅក្នុងតំបន់ សម្រាប់សន្តិភាពនិងសន្តិសុខប្រកបដោយចីរភាពក្នុងតំបន់អាស៊ាន៕