រយៈពេល៨ខែឆ្នាំ២០២០ កម្ពុជានាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិមានប្រមាណជាង៤សែនតោន

វិទ្យុជាតិកម្ពុជា៖ លោកអ៊ូកាណែល

ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បាន ឱ្យដឹងថា រយៈពេល៨ខែដើមឆ្នាំ២០២០ កម្ពុជាបាននាំអង្ករ​ចេញ ទៅកាន់ទីផ្សារអន្តរជាតិមានប្រមាណជាង៤សែនតោន ក្នុងនោះ ប្រទេសចិនបានជាប់លំដាប់ទី១ ក្នុងការទទួលទិញអង្ករពីកម្ពុជា។

យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា មានក្រុមហ៊ុន៧១ បានធ្វើការ​ផ្គត់​ផ្គង់ ការនាំចេញផលិតផលអង្ករ ក្នុងខែសីហា ឆ្នាំ២០២០ ក្នុងបរិមាណអង្ករសរុបចំនួន ២២ ១៣ ០ តោន។ ចំនួននេះបើធ្វើការប្រៀបធៀប និងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ មានប្រមាណ ៣៤ ០៣២តោន ថយ ចុះចំនួន១១ ៩០២តោន ស្មើនឹង៣៤,៩៧%។

គិតត្រឹមរយៈពេល៨ខែ ដើមឆ្នាំ២០២០នេះ ការនាំចេញអង្ករសម្រេចបានចំនួន៤៤៨ ២០៣តោន ធ្វើការនាំចេញទៅ​​កាន់ទិសដៅចំនួន ៥៩ ប្រទេស។ ក្នុងនោះប្រទេសចិនបានជាប់លំដាប់ទី១ ក្នុងការទទួលទិញអង្ករពីកម្ពុជាក្នុងបរិមាណខ្ពស់ ដែលមានប្រមាណជាង ១សែន៦ម៉ឺនតោន ខណៈប្រទេសបារាំងស្ថិតក្នុងលំដាប់ ទី២ នៃការបញ្ជាទិញអង្ករពីកម្ពុជាមានប្រមាណ ជាង ៥ម៉ឺនតោនប៉ុណ្ណោះ។

ជាមួយគ្នានេះ ប្រទេសហ្គាបុង ក៏បានឈរនៅក្នុងលំដាប់ថ្នាក់ទី៣ ក្នុងការទិញអង្កររបស់កម្ពុជាដែលមានប្រមាណជាង៣ម៉ឺនតោន ក្នុងនោះប្រទេសម៉ាឡេស៊ី ស្ថិតក្នុងលំដាប់ទី៤មានចំនួនជាង ៣ ម៉ឺន តោន ប្រទេស អូស្រ្តាលីលំដាប់ទី៥ចំនួន ២០ ៩១៥តោន និងប្រទេសណេដីឡែន លំដាប់ ទី៦មានប្រមាណជាង១ម៉ឺនតោន ប្រទេសវៀតណាមលំដាប់ទី៧ មានចំនួន១២ ៨៣៦តោន ប្រទេសអង់គ្លេសលំដាប់ ទី៨ចំនួន ១១ ៣៥៦តោន ប្រទេសប្រ៊ុយណេលំដាប់ទី៩ចំនួន ១០ ៥០០តោន និងប្រទេសអេស្ប៉ាញ លំដាប់ទី១០ប្រមាណជាង១ម៉ឺនតោនផងដែរ៕