ដៃគូនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ប្តេជ្ញារួមដៃគ្នាក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០​ — ដៃគូទាំង ៥៣ នៃកិច្ចប្រជុំអាស៊ី – អឺរ៉ុប (ASEM) បានប្តេជ្ញាចិត្តធ្វើការរួមគ្នាដើម្បីទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃទី៧ ខែកញ្ញា ពួកគេបានទទួលស្គាល់ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នឹងតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិរួមគ្នាយ៉ាងសកម្មភាពប្រកបដោយប្រសិទ្ធភាពរបស់អង្គការពហុភាគី និងការគាំទ្រសម្រាប់ពហុភាគីនិយមដោយដៃគូរបស់ ASEM ដោយផ្អែកទៅលើគោលការណ៍ និងគុណតម្លៃរបស់អង្គការសហប្រជាជាតិ។

ដៃគូទាំងនោះបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយគ្នា នឹងចែករំលែកបទពិសោធន៍ ការអនុវត្តន៍ និងព័ត៌មានល្អបំផុតដោយសេរី ការទទួលខុសត្រូវ តម្លាភាព និងភាពទាន់ពេលវេលា ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការរាលដាលនៃជំងឺរាតត្បាតនេះប្រកបដោយប្រសិទ្ធភាព។

ពួកគេបានគាំទ្រដល់ការអំពាវនាវរបស់អង្គការសហប្រជាជាតិ សម្រាប់ការទទួលខុសត្រូវរួមគ្នា សាមគ្គីភាពជាសកល និងការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ជាពិសេសសារៈសំខាន់របស់អង្គការសុខភាពពិភពលោកក្នុងការសម្របសម្រួលការឆ្លើយតបផ្នែកសុខភាពទៅនឹងរោគរាតត្បាតនេះ។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា «យើងសូមបញ្ជាក់ម្តងទៀតនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការរក្សានូវសន្ទុះនៃ ASEM ដើម្បីពង្រឹងពហុភាគីនិយមសម្រាប់ភាពធន់នឹងសង្គម-សេដ្ឋកិច្ច។ វីរុសនេះនឹងមិនធ្វើឱ្យការតាំងចិត្តរបស់យើងចុះខ្សោយក្នុងការឈររួមគ្នាដោយសាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាលំបាកនេះទេ»។

សេចក្តីថ្លែងការណ៍ ASEM ស្តីពីជំងឺកូវីដ-១៩ ត្រូវបានចងក្រងដោយការសម្របសម្រួលរបស់រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ASEM លើកទី ១៣ ចងក្រងដោយសហភាពអឺរ៉ុប និងអាល្លឺម៉ង់ក្នុងនាមជាអ្នកសម្របសម្រួលថ្នាក់តំបន់នៃក្រុមអឺរ៉ុប ចងក្រងដោយ  សិង្ហបុរីក្នុងនាមជាអ្នកសម្របសម្រួលតំបន់នៃក្រុមអាស៊ាន និងចងក្រងដោយរុស្ស៊ីក្នុងនាមជាអ្នកសម្របសម្រួលប្រចាំតំបន់នៃភូមិភាគអាស៊ីឦសាន និងអាស៊ីខាងត្បូង៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)