ម៉ាឡេស៊ី និងចិន បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០​ — នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បានជួបប្រជុំជាមួយសមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិចិន លោក Wei Fenghe នៅទីក្រុងគូឡាឡាំពួ ក្នុងកំឡុងពេលដែលពួកគេបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោក Muhyiddin បានអបអរសាទរប្រទេសចិនចំពោះភាពជោគជ័យរបស់ខ្លួនក្នុងការទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ ដោយមានការគាំទ្រពីប្រទេសចិន ប្រទេសម៉ាឡេស៊ីបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅលើពិភពលោកដែលអាចគ្រប់គ្រងការផ្ទុះឡើងនៃជំងឺនេះបានជោគជ័យ ដោយលោកបានសម្តែងនូវក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាត ត្បាតនេះជាបន្តទៀត។

លោក Muhyiddin បាននិយាយថា ប្រទេសម៉ាឡេស៊ីមានឆន្ទៈធ្វើការជាមួយប្រទេសចិនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីទៅលើគ្រប់វិស័យ រួមមានវិស័យការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការអប់រំ។

លោក Wei បាននិយាយថា ចំណងមិត្តភាពរវាងចិន និងម៉ាឡេស៊ី មានប្រវត្តិជាយូរណាស់មកហើយ ហើយទំនាក់ទំនងទ្វេភាគីតែងតែទទួលបានការអភិវឌ្ឍប្រកបដោយផ្លែផ្កា និងមានស្ថិរភាព។

លោក Wei បាននិយាយថា ប្រទេសចិន និងម៉ាឡេស៊ី បានផ្តល់ជំនួយដល់គ្នាទៅវិញទៅមកក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ហើយបាននាំមុខគេក្នុងការជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ច និងសង្គម ខណៈដែលកំពុងជំរុញនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ។

លោកបាននិយាយថា ប្រទេសចិនប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី និងជំរុញចំណងទាក់ទងរវាងយោធា និងយោធាជានិច្ចដើម្បីទទួលបាននូវលទ្ធផលថ្មីៗ។

នាថ្ងៃដដែលនោះ លោក Wei បានជួបប្រជុំជាផ្លូវការជាមួយរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Ismail Sabri Yaakob ក្នុងអំឡុងពេលដែលភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានភាពក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងទំនាក់ទំនងរវាងយោធានៃប្រទេសទាំងពីរ ក៏ដូចជាបញ្ហាសមុទ្រខាងកើតផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)