សិក្ខាសាលាអន្តរជាតិពិភាក្សាអំពីអាស៊ានក្រោយជំងឺរាតត្បាតកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០​ — កាលពីថ្ងៃទី៨ ខែកញ្ញា បណ្តាអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញមកពីប្រទេសវៀតណាម កម្ពុជា សិង្ហបុរី ឥណ្ឌា និងប្រទេសផ្សេងៗទៀតបានចូលរួមសិក្ខាសាលាមួយដែលពិភាក្សាអំពី «សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩» នៅទីក្រុងហាណូយ ។

អ្នកចូលរួមបានផ្តោតការពិភាក្សាទៅលើបញ្ហាជាច្រើន រួមមានការរាតត្បាតនៅអាស៊ីអាគ្នេយ៍ និងផលប៉ះពាល់របស់វា ការឆ្លើយតបរបស់អាស៊ាន ការផ្លាស់ប្តូរស្ថានភាពនយោបាយ និងសន្តិសុខក្នុងតំបន់ និងការព្យាករណ៍សម្រាប់ពេលក្រោយជំងឺកូវីដ-១៩ ។

ថ្លែងនៅក្នុងសិក្ខាសាលានោះ ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម (VASS) លោក Bui Nhat Quang បានដកស្រង់របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយកាលពីខែមិថុនាដែលបាននិយាយថា សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍នឹងធ្លាក់ចុះ ៣ភាគរយនៅក្នុងឆ្នាំ ២០២០ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត។

លោក Vo Xuan Vinh មកពីវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ (ISAS) នៃ VASS បាននិយាយថា រដ្ឋជាសមាជិកអាស៊ានបានឆ្លើយតប និងភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មជាមួយគ្នាតាំងពីពេលដំបូងនៃការផ្ទុះជំងឺរាតត្បាតនេះឡើងតាមរយៈប្រព័ន្ធឆ្លើយតបបន្ទាន់ផ្នែកវេជ្ជសាស្ត្ររបស់ប្លុក នឹងតាមរយៈការចែករំលែកព័ត៌មាននានាសម្រាប់គ្នាទៅវិញទៅមក។

លោកបាននិយាយបន្ថែមថា ប្រទេសវៀតណាមត្រូវបានគេចាត់ទុកថា ជាប្រទេសជោគជ័យមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខណៈដែលអាស៊ានបានធ្វើឱ្យស្ថានភាពនៃជំងឺរាតត្បាតនេះស្ថិតក្រោមការគ្រប់គ្រងបាន ជាមួយនឹងអត្រានៃអ្នកព្យាបាលជាសះស្បើយខ្ពស់ និងអត្រាមរណភាពទាប។

យោងតាមលោកបានឱ្យដឹងថា សេដ្ឋកិច្ចអាស៊ានមិនមានការលំបាកដូចតំបន់ដទៃទៀតទេ ដូច្នេះវាមានឱកាសកាន់តែប្រសើរក្នុងការស្តារឡើងវិញក្រោយការឆ្លងរាលដាល។

លោកបាននិយាយថា ប្រសិនបើជំងឺនេះត្រូវបានគ្រប់គ្រង នោះកំណើនសង្គម-សេដ្ឋកិច្ចក្នុងតំបន់ត្រូវបានគេរំពឹងថា នឹងមានភាពប្រសើរឡើងនៅក្នុងឆ្នាំ២០២១ ដោយផលិតផលក្នុងស្រុកសរុបនឹងកើនឡើងចន្លោះពី ៣ ទៅ ៦,៥ភាគរយ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)