អភិបាលខេត្តប៉ៃលិន ជំរុញឲ្យបណ្តាសាលារៀនអនុវត្តស្តង់ដារអនាម័យតាមក្រសួងសុខាភិបាល

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ០៩.៩.២០២០


MC៖ អភិបាលខេត្តប៉ៃលិន បានចុះពិនិត្យមើលការអនុវត្តស្តង់ដារអនាម័យក្នុងអំឡុងនៃការបើកដំណើរការសាលារៀនឡើងវិញ នៅតាមសាលារៀនមួយចំនួនក្នុងខេត្តប៉ៃលិន បន្ទាប់ពីបានផ្អាកការសិក្សាអស់មួយរយៈ ដោយសារការផ្ទុះរីករាលដាល ជម្ងឺកូវីដ-១៩។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ក្រសួងអប់រំបានចេញសេចក្តីណែនាំ ដល់គ្រឹះស្ថានសិក្សាទាំងអស់ ឱ្យយកចិត្តទុកដាក់ អនុវត្តន៍នូវវិធានអនាម័យ និងគម្លាតសុវត្ថិភាពនៅក្នុងថ្នាក់រៀន ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩។ ក្នុងនោះរួមមាន នៅមុនបើកទ្វារសាលារៀន នៅតាមគ្រឹះស្ថានសិក្សា ត្រូវបោសសំអាត និងបាញ់ថ្នាំសម្លាប់មេរោគ រៀបចំឲ្យមានកន្លែងលាងដៃ រៀបចំបន្ទប់ទឹកឲ្យស្អាត, ក្នុងថ្នាក់រៀនត្រូវមានកម្រិតសិស្សមិនឲ្យលើសពី២០នាក់ ត្រូវរក្សាគម្លាតក្នុងការបង្រៀន និងរៀននៅក្នុងថ្នាក់ , ត្រូវមានការវាស់កម្ដៅនៅច្រកទ្វាររបង បាញ់អាកុល និងធ្វើការលាងដៃមុននឹងចូលបន្ទប់រៀន ហើយត្រូវរៀបចំវេចខ្ចប់អាហារមកពីផ្ទះ ដោយក្រសួង មិនអនុញ្ញាតឲ្យមានការលក់ដូរនៅក្នុងបរិវេណសាលា ។ ឯកឧត្តម អភិបាលខេត្ត ក៍បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ លើគ្រប់មុខវិជ្ជារបស់ខ្លួន ដើម្បីទទួលបានលទ្ធផលល្អ សម្រាប់ការប្រឡងផ្សេងៗនាពេលខាងមុខ ជាពិសេសធ្វើខ្លួនជាសិស្សល្អ ជាកូនល្អនៅក្នុងគ្រួសារ ៕