អភិបាលខេត្តបាត់ដំបងណែនាំឲ្យមន្រ្តីក្រោមឱវាទពង្រឹងការអនុវត្តវិធានការពារជំងឺកូវីដ-១៩ និងការពារសន្តិសុខជូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ០៩.៩.២០២០


MC៖ អភិបាលខេត្តបាត់ដំបងណែនាំឲ្យមន្រ្តីក្រោមឱវាទពង្រឹងការអនុវត្តវិធានការពារជំងឺកូវីដ-១៩ និងការពារសន្តិសុខជូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដើម្បីទប់ស្កាត់ កុំឱ្យឆ្លងរាលដាល ចូលក្នុងសហគមន៍ ។
ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង មានប្រសាសន៏ថា មន្ទីរធម្មការនិងសាសនាខេត្ត ត្រូវធ្វើការអំពាវនាវ ដល់ទីវត្តអារាមនានា ឲ្យចូលរួមអនុវត្តន៍ វិធានការការពារជំងឺកូវិដ-១៩ ដោយរៀបចំឲ្យមានការវាស់កម្តៅ បាញ់អាកុលលាងដៃ នៅមុខក្លោងទ្វារច្រកចេញចូល និងមានការរក្សាគម្លាត ឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឯកឧត្តម បានបន្តទៀតថា ចំពោះអាហារដ្ឋានមួយចំនួន ដែលមិនទាន់បានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលនៅតែលួចឆ្លៀតឱកាស នៅពេលយប់ ដោយមិនបានរក្សាគម្លាតសុវត្ថិភាព ដូច្នេះមន្ទីរទេសចរណ៍ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តការត្រួតនៅពេលយប់បន្តទៀត។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ស្នងការដ្ឋាននគរបាលខេត្ត ត្រូវបន្តរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នៅតាមទីវត្តអារាម និងរមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបង ដើម្បីសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕