ក្រសួងសុខាភិបាលបន្តអំពាវនាវប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការលាយសារធាតុមេតាណុល ជាមួយស្រាស ដែលនាំឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ08,09,2020


MC៖ ក្រសួងសុខាភិបាលបន្តអំពាវនាវប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការលាយសារធាតុមេតាណុល ជាមួយស្រាស ដែលនាំឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ និងឈានទៅដល់ពុលស្រានាំឱ្យបាត់បង់ជីវិតថែម ទៀតផង។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋនឹងធ្វើដំណើរទៅជួបជុំក្រុមគ្រួសារ ហេតុដូចនេះសូម ចៀសវាងការទទួលទានស្រាស ដែលមិនមានប្រភពច្បាស់លាស់ និងគ្មានលក្ខណៈបច្ចេកទេសផលិតត្រឹមត្រូវ ជាពិសេសចៀសវាងការយកមេតាណុលមកលាយធ្វើស្រាស ដែលមិនមានលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ ព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ រហូតអាចឈានទៅបាត់បង់ជីវិតផងដែរ។
«សំឡេង៖ សូមបងប្អូនប្រជាពលរដ្ឋកុំយកសារធាតុមេតាណុលទៅលាយធ្វើជាស្រាសដើម្បីយកមកពិសារ ពីព្រោះកាលណាយើងយកសារជាតិមេតាណុលមកលាយធ្វើជាស្រាស ហើយយើងមិនមានការវាស់វែង ឬការអនុវត្តទៅតាមលក្ខណៈបច្ចេកទេស ត្រឹមត្រូវ វានឹងធ្វើឱ្យយើងពុល កាលណាកំហាប់នៃជាតិមេតាណុលច្រើនវានឹងធ្វើឱ្យយើងពុល ហើយការពុលនូវសាររធាតុមេតាណុលនេះ គឺយើងសង្កេតឃើញមកហើយ កន្លងមកក៏មានការបាត់បង់ជីវិតដែរ ហើយបើពុលខ្លាំងគឺបាត់បង់ជីវិតលឿនមិនអាចជួយសង្គ្រោះបានទេ។ សូមបងប្អូនប្រជាពលរដ្ឋ លោកអនុវត្តនូវវិធានការ បើសិនបើពិសាស្រាល សូមកុំយកជាតិមេតាណុលមកលាយធ្វើជាស្រាសឱ្យសោះ គឺយើងអាចពិសាស្រាស ឬក៏យើងអាចប្រើប្រាស់ដែលបិទតាមទំនៀមទម្លាប់ប្រពៃណីរបស់យើងតាំងពីយូលង់មកហើយនោះ ដែលប្រើប្រាស់អង្ករដាំធ្វើជាបាយ ហើយបិទទៅជាស្រាស ដើម្បីយកមកប្រើប្រាស់។»
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក៏សូមអំពាវនាវ ប្រជាពលរដ្ឋ បើពិសាគ្រឿងស្រវឹង សូមពិសាដោយការទទួលខុសត្រូវ ចៀសវាងការពិសាគ្រឿងស្រវឹងរាល់ពេលបើកបរ ជាពិសេសត្រូវរក្សាឱ្យបាននូវសុវត្ថិភាពចរាចរណ៍ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ក្នុងឱកាសកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះមានករណីពុលស្រាថ្នាំចិនសែនៅខេត្តបន្ទាយមានជ័យជាច្រើនអ្នក ហើយបណ្តាលឱ្យមានមនុស្សស្លាប់រហូតដល់៧នាក់ផងដែរ៕