រដ្ឋសភាកម្ពុជាប្រាប់ទៅអាយប៉ា ថា កម្ពុជាមានយន្តការច្បាស់លាស់ក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៨ ០៩ ២០០

MC: រដ្ឋសភាកម្ពុជាប្រាប់ទៅសមាជិកអន្តរសភាអាស៊ាន ហៅកាត់ អាយប៉ា (AIPA) ថា រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវយន្តការច្បាស់លាស់ក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីទ្រទ្រង់ជីវភាព និងសុខុមាលភាពរបស់ប្រជាជន។
ថ្លែងក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈកម្មាធិការសភាស្រ្តី(WAIPA) នាឱកាសនៃមហាសន្និបាតអាយប៉ា លើក ទី៤១ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference) ដែលសភាវៀតណាមធ្វើជាម្ចាស់ផ្ទះនៅរសៀលថ្ងៃទី៨ ខែកញ្ញានេះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា បានបញ្ជាក់ថា យន្តការដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញក្នុងការឆ្លើយតបទៅនឹងវិបត្តិនេះមានដូចជា៖កម្មវិធីផ្ដល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងក្រុមងាយរងគ្រោះ ការវិនិយោគលើការអភិវឌ្ឍជំនាញសហគ្រិនស្រ្តី និងរៀបចំរចនាសម្ព័ន្ធឥណទាន ក្នុងវិស័យអាទិភាព ការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសរួមទាំងការបំលែងឌីជីថលដល់សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម អភិវឌ្ឍកសិកម្មទំនើប និងកសិឧស្សាហកម្មដោយផ្តោតលើការបង្កើតប្រាក់ចំណូល ជាពិសេសសម្រាប់ស្ត្រីនៅតាមជនបទ។
លោកជំទាវ បានបន្តថា កម្មករ និងនិយោជិតជាស្រ្តីនៅកម្ពុជាបានទទួលរងឥទ្ធិពលខ្លាំងពីវិបត្តិជំងឺរាតត្បាតកូវីដ១៩នេះ ដោយសហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជា មានប្រមាណ៦០ភាគរយកាន់កាប់ ឬគ្រប់គ្រងដោយស្រ្តី។ ម្យ៉ាងវិញទៀត ឧស្សាហកម្មវាយនភ័ណ្ឌ និងស្បែកជើង ព្រមទាំងវិស័យទេសចរណ៍មានកម្លាំងពលកម្មស្រ្តីរហូតដល់ ៨៤ភាគរយ។
សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការសភាស្រ្តី នាមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១នេះ បានប្រព្រឹត្តធ្វើឡើងក្រោមប្រធានបទ “តួនាទីរបស់សមាជិកសភាជាស្រ្តីក្នុងការធានាការងារ និងប្រាក់ចំណូលដល់កម្មករ និយោជិតជាស្រ្តី” ដោយមានការចូលរួមពី សមាជិក សមាជិកាសភាក្នុងតំបន់អាស៊ាន និងមន្រ្តីបច្ចេកទេស សរុបប្រមាណ ៦០នាក់។
កិច្ចប្រជុំដែលដឹកនាំដោយលោកជំទាវ តុង ធីហ្វុង (Tong Thi Phong) អនុប្រធានទី១ រដ្ឋសភាវៀតណាម និងជាប្រធានក្រុមសមាជិកសភាស្រ្តីវៀតណាម បានធ្វើការពិភាក្សាទៅលើតួនាទីសមាជិកសភាស្ត្រីនៅក្នុងការ លើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅក្នុងអាស៊ាន ជាពិសេសចូលរួមចំណែកដោះស្រាយបញ្ហារបស់ស្រ្តីនៅក្នុងវិស័យការងារក្នុងកំឡុងវិបត្តិជំងឺរាតត្បាតកូវីដ១៩ ដែលធ្វើឱ្យមានការថយចុះនៃកម្លាំងពលកម្ម និងប្រាក់ចំណូលរបស់កម្មករ និយោជិត៕