ក្រសួងព័ត៌មាននិងក្រុមមេធាវីស្មគ្រ័ចិត្តសម្តេចតេជោសែន បន្តប្ដេជ្ញាចិត្តផ្ដល់សេវាដោះស្រាយវិវាទដល់អ្នកសារព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ

វិទ្យុជាតិកម្ពុជា ប៉ុង សុភាវី ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២០


MC៖ ក្រសួងព័ត៌មាននិងក្រុមមេធាវីស្មគ្រ័ចិត្តសម្តេចតេជោសែន បន្តប្ដេជ្ញាចិត្តផ្ដល់សេវាដោះស្រាយវិវាទដល់អ្នកសារព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈឲ្យកាន់តែឆាប់រហ័សនិងកាន់តែមានប្រសិទ្ធភាព។

ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណ:កម្មការសម្របសម្រួលដោះស្រាយវិវាទអ្នកសារព័ត៌មាន ជាមួយក្រុមមេធាវីស្មគ្រ័ចិត្តសម្តេចតេជោសែន នៅព្រឹកថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា គណ:កម្មការសម្របសម្រួល ដោះស្រាយវិវាទ អ្នកសារព័ត៌មាន បានទទួលពាក្យ បណ្តឹងមួយចំនួន ទាក់ទងនឹងអ្នកសារព័ត៌មាន ហើយរាល់ពាក្យបណ្តឹងទាំងអស់នោះ ខាងនាយកដ្ឋាន នីតិកម្ម ក្រសួងព័ត៌មាន បានធ្វើការពិនិត្យជាមុនសិន បើជាកំហុសរបស់កាសែតដែលរញ៉េររញ៉ៃ គឺមិនដាក់ជូនក្រុមមេធាវីស្មគ្រ័ចិត្តសម្តេចតេជោសែន ធ្វើការដោះស្រាយនោះទេ ដោយសារអ្នកសារព័ត៌មានបច្ចុប្បន្នមាន ច្រើនបែបណាស់ ក្នុងការកំណត់អោយបានច្បាស់លាស់។
ឯកឧត្តមបានមានប្រសាសន៍ថា រាល់សំណើដែល ក្រសួងពិនិត្យឃើញថា មានភាពសមស្រប ដើម្បីអោយមានការជួយពីមេធាវី ទើបក្រសួងបញ្ជូនទៅពិនិត្យ និងជួយដោះស្រាយការពារ អ្នកសារព័ត៌មាន ដែលធ្វើកិច្ចការងារ ប្រកបដោយវិជ្ជាជីវ: ត្រឹមត្រូវ។
ឯកឧត្តម គី តិច មានប្រសាសន៍លើកឡើងថា ចាប់តាំងពីគណ:កម្មការសម្រប សម្រួលដោះស្រាយ វិវាទអ្នកសារព័ត៌មានបានបង្កើតឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២០ រហូត មកដល់ពេលនេះ ក្រុមមេធាវីស្ម័គ្រ ចិត្តសម្តេចតេជោសែន មិនទាន់ទទួលការ ការពារចំពោះ អ្នកសារព័ត៌មាន ដែលមានកំហុសនៅឡើយ ប៉ុន្តែគ្រាន់តែមានចំនុចខ្លះ បានធ្វើការ ផ្លាស់ប្តូរ យោបល់ គ្នាជាមួយ ក្រុមការងារក្រសួងព័តមាន ពាក់ពន្ធ័ទៅនិងអ្នកសារព័ត៌មាន ដែលមាន បញ្ហា ដោយមិនគោរព តាមក្រមសីលធម៌វិជ្ជាជីវៈ បានត្រឹមត្រូវ។
សំឡេង៖«ជាសំណូមពររបស់ខ្ញុំសុំអោយសារព័ត៌មានគឺថានៅពេលធ្វើសកម្មភាពការងារគឺថាគោរពតែទៅលើច្បាប់សារព័ត៌មាននិងក្រមសីលធម៌នៃការប្រកបវិជ្ជាជីវៈទៅគឺនឹងបានល្អហើយត្រឹមត្រូវមិនមានបញ្ហាអ្វីកើតឡើងទេ»។
សូមបញ្ជាក់ថា ចាប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន មានបណ្ដឹងជាលាយលក្ខណ៏អក្សរឆ្លងតាមក្រសួង-ស្ថាប័ន ចំនួន៥ករណី បានដោះស្រាយរួចរាល់ ចំនួន៤ករណី ។ បណ្ដឹងជាលាយលក្ខ អក្សរ ឆ្លងតាម អង្គភាព ចំនួន៣ករណី បានដោះស្រាយរួចរាល់ បណ្ដឹងដោយអាជ្ញាធរមូលដ្ឋាន និង សមត្ថ កិច្ច គ្រប់លំដាប់ ចំនួន១ករណី បានដោះស្រាយ រួចរាល់ -បណ្ដឹងផ្ទាល់មាត់ ចំនួន ៦ ករណី បានដោះស្រាយរួចរាល់។ ជាចុងក្រោយនេះ កាលពីថ្ងៃទី ១ ខែកញ្ញា ឯកឧត្តម ហ៊ុយ វណ្ណ: ប្រធានសហភាពសហពន្ធ័អ្នកសារព័ត៌មានកម្ពុជា បានដាក់ពាក្យមកក្រសួងព័ត៌មាន ដើម្បីស្នើសុំ ឯកឧត្តម រដ្ឋមន្រ្តី ពិនិត្យលើរបាយការណ៍ស្តីពីស្ថានភាពអ្នកកាសែតមួយនៅ ខេត្ត កំពង់ឆ្នាំង ។ ករណីនេះ នាយកដ្ឋាននិតិកម្មកម្ពុជាពិនិត្យ៕