អាជ្ញាធរខេត្តព្រះសីហនុ នឹងរៀបចំប្រព័ន្ធលូដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងក្នុងរដូវវស្សានេះ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ០៨.៩.២០២០


MC៖ តំណាងក្រុមហ៊ុនអេម៉ារីយូបានសហការជាមួយអាជ្ញាធរខេត្តព្រះសីហនុ ត្រៀមរៀបចំគម្រោងប្រព័ន្ធលូ ឱ្យបានធំទូលាយ ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងក្នុងរដូវវស្សានេះ មិនឲ្យជន់លិចទៀតទេ ។
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា បញ្ហាជំនន់ទឹកភ្លៀងគឺជាបញ្ហាសំខាន់មួយ ដែលត្រូវតែធ្វើការដោះស្រាយជាមុន ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ ដោយសារតែកន្លងមកនៅពេលមានភ្លៀងធំម្តងៗ ធ្វើឱ្យផ្លូវមួយចំនួន ដូចជាផ្លូវ២៨មិថុនា និងផ្លូវឯករាជ្យ មានការលិចលង់។ ដូច្នេះ ក្រុមហ៊ុន អេម៉ារីយូ បានមកចូលរួមសហការនេះជាការប្រសើរបំផុត ។ ឯកឧត្តម បន្តថា ក្រុមមន្ត្រីបច្ចេកទេសខេត្តនិងក្រុមហ៊ុន នឹងចុះសិក្សាពីប្រព័ន្ធលូទាំងនោះ ឱ្យបានលឿន ដើម្បីរៀបចំប្លង់មេ ឈានទៅ ស្ថាបនាឲ្យកាន់តែឆាប់ កាន់តែល្អ ៕