កម្ពុជាគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានល្អ ដោយសារតែប្រជាពលរដ្ឋជឿលើការដឹកនាំរបស់រាជរដ្ឋាភិបាល

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា០៨ ០៩ ០២០


MC៖រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានអះអាងថា ប្រទេសកម្ពុជាគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានល្អ ដោយសារតែប្រជាពលរដ្ឋជឿលើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលដាក់ចេញវិធានការទប់ស្កាត់ការរីករាលត្បាតជំងឺដ៏កាចសាហាវមួយនេះយ៉ាងមានប្រសិទ្ធភាព។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹងច្រើនហើយជឿលើថ្នាក់ដឹកនាំ និងអ្នកឯកទេសច្រើនជាងអ្នកឃោសនា ដែលធ្វើឱ្យកម្ពុជាជៀសផុតបានមួយចំនួនធំនូវការរីករាលដាលជំងឺកូវីដ១៩ ខណៈបណ្ដាប្រទេសមួយចំនួនមានប្រជាជនជាច្រើនមិនស្ដាប់ និងបានធ្វើបាតុកម្មតវ៉ាជាមួយរដ្ឋាភិបាលក្នុងការពាក់ម៉ាស់ ជាដើម ។
ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់ថា កម្ពុជាមានសំណាងដែលរាជរដ្ឋាភិបាលអាចទប់ស្កាត់បាននូវជំងឺដ៏កាចសាហាវនេះ។ ឯកឧត្តម មានប្រសាសន៍ថា ប្រសិនបើកម្ពុជាមានផ្ទុកអ្នកជំងឺច្រើននោះ នឹងមិនអាចទប់ស្កាត់និងព្យាបាលជាសះស្បើយច្រើនបែបនេះឡើយ ដោយសារកម្ពុជាខ្វះឧបករណ៍ សម្ភារ គ្រូពេទ្យ និងអគារ ជាដើម។
សំឡេង«នៅកម្ពុជាយើងហេតុអ្វីទប់បានច្រើន? ទី១ប្រជាជនយើងជឿលើរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ។ ទី២ប្រជាជនយើងជឿលើអ្នកឯកទេស ហើយយើងព្យាបាលបានដោយសារតែអ្នកជំងឺយើងតិច សម្ភារយើងមានគ្រប់គ្រាន់ បើសិនជាកើតដល់រាប់ម៉ឺននាក់ គឺពេលហ្នឹងរាលពេញ យើងគ្មានលទ្ធភាពផ្ដល់សម្ភារគ្រប់គ្រាន់ឱ្យទេ។ បើផ្ដល់ យើងផ្ដល់បានតែសម្ភារធ្វើតេស្ដមនុស្សរាប់ម៉ឺននាក់អត់បាននោះទេ យើងគ្មានកន្លែងដាក់គេបានទេ យើងគ្មានគ្រូពេទ្យតាមគេ២៤ម៉ោងបានទេ ហើយអ្នកស្លាប់ដំបូងគេគឺគ្រូពេទ្យហ្នឹងហើយ ព្រោះគ្រូពេទ្យជួបអ្នកជំងឺរាល់ពេល អ៊ីចឹងរោគមកផ្ទួនៗ គឺក្នុងខ្លួនគាត់ទប់មិនទាន់ទេ។ អ៊ីចឹងដែលយើងបានសុខនេះ ដោយសារយើងបានជឿ»។