IPA ៤១ នៅក្នុងជំហរយុទ្ធសាស្ត្រដើម្បីសម្របសម្រួលកិច្ចប្រឹងប្រែងប្រឆាំងនឹងជំងឺកូវីដ -១៩

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០​ — យោងតាមមន្រ្តីហ្វីលីពីនម្នាក់បានឱ្យដឹងថា ក្នុងពេលដែលកំពុងមានភាពមិនច្បាស់លាស់ និងវិបត្ដិសុខភាព និងសេដ្ឋកិច្ចហាក់ដូចជាមិនចេះរីងស្ងួតដែលកើតឡើងដោយវិបត្ដិជំងឺកូវីដ-១៩ ទូទាំងសកលលោកផងនោះ មហាសន្និបាតលើកទី ៤១ នៃសភាអន្តរសភាអាស៊ាន (AIPA 41) ស្ថិតនៅក្នុងជំហរយុទ្ធ សាស្ត្រដើម្បីធ្វើជាវេទិកាសម្របសម្រួល និងសមាហរណកម្មកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសភា AIPA ដើម្បីជួយទប់ស្កាត់ជំនោរនៃការឆ្លងរាលដាលវីរុសនេះ។

នៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមមុនការមហាសន្និបាត AIPA 41 តាមប្រព័ន្ធវីដេអូចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា អនុប្រធានសភាហ្វីលីពីន លោក Raneo E. Abu ក៏បានកត់សម្គាល់ផងដែរថា AIPA បានដឹកនាំជំរុញតំបន់ឆ្ពោះទៅរកការបង្កើតច្បាប់ និងស្ថាប័នរួមនៃក្របខ័ណ្ឌដើម្បីបង្កើតកម្មវិធីសកម្មភាពប្រកបដោយចីរភាពដើម្បីប្រយុទ្ធ និងទប់ទល់រោគរាតត្បាត ហើយវាជាការចាំបាច់ណាស់ដែលសមាជិកសភារបស់ AIPA ត្រូវសហការគ្នា និងរួមបញ្ចូលគ្នានូវធនធានក្នុងការបង្កើតជំហររួមមួយដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិដ៏សាហាវនេះ។

ជំងឺកូវីដ-១៩ គឺជាបញ្ហាសុខភាពដែលកំពុងវិវត្តជាប្រចាំ និងប្រកបដោយគ្រោះថ្នាក់ ដែលរហូតមកដល់ពេលនេះបានច្រានចោលនូវដំណោះស្រាយយ៉ាងឆាប់រហ័ស និងយូរអង្វែងដោយអ្នកជំនាញវេជ្ជសាស្ត្រ និងវីរុស ដែលវាត្រូវតែប្រឈមមុខនឹងការប្រុងប្រយ័ត្នខ្ពស់ ការផ្តោតការយកចិត្តទុកដាក់ និងភាពធន់។

តាមរយៈមហាសន្និបាត AIPA សភាសមាជិកអាចបង្កើតយន្តការសហប្រតិបត្តិការដើម្បីជួយដល់ការចែករំលែកនូវការអនុវត្តល្អៗក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយរដ្ឋដែលជាសមាជិក AIPA។ ប្រការនេះនឹងជួយបង្កើនដល់ការបង្កើតសេចក្តីព្រាងច្បាប់រួម ដែលនឹងជួយពង្រឹងសមត្ថភាពរបស់បណ្តាប្រទេសក្នុងតំបន់អាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

ការចែករំលែកទិន្នន័យវេជ្ជសាស្រ្តក្នុងចំណោមប្រទេសជិតខាងក្នុងតំបន់ ស្តីពីគំរូនៃការចម្លងវីរុស និងវិធានការប្រឆាំងដែលមានប្រសិទ្ធភាព ក៏ជួយក្នុងការបង្កើត នឹងធ្វើឱ្យប្រសើរឡើងនូវកម្មវិធី និងគោលនយោបាយប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងត្រូវបានអនុវត្តផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)