សេដ្ឋវិទូមានសុទិដ្ឋិនិយមចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០២១

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០​ — អាជ្ញាធររូបិយវត្ថុនៃប្រទេសសិង្ហបុរី (MAS) បាននិយាយថា អ្នកសេដ្ឋកិច្ចសិង្ហបុរីមានសុទិដ្ឋិនិយមចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសនេះនៅឆ្នាំក្រោយ ដោយការស្ទង់មតិបង្ហាញថា ពួកគេរំពឹងថា នឹងមានការកើនឡើង ៥,៥ភាគរយជាមធ្យមនៅឆ្នាំ ២០២១ ។

ជារួមអ្នកសេដ្ឋកិច្ចចំនួន ២៨នាក់ដែលបានឆ្លើយតបទៅនឹងការស្ទង់មតិរបស់ MAS បានផ្តល់ការព្យាករណ៍កំណើនសេដ្ឋកិច្ចចន្លោះពី៤ ទៅ៥,៩ភាគរយសម្រាប់ឆ្នាំ២០២១។ នេះ គឺតួលេខខ្ពស់ជាងកំណើន ៤,៨ភាគរយសម្រាប់ឆ្នាំ ២០១២ ដែលពួកគេបានព្យាករណ៍នៅពេលធ្វើការស្ទង់មតិកាលពីខែមិថុនា។

ខណៈដែលអ្នកឆ្លើយសំណួរមានលក្ខណៈវិជ្ជមានអំពីឆ្នាំក្រោយ ពួកគេមានទុទិដ្ឋិនិយមបន្តិចចំពោះឆ្នាំ ២០២០។ ឥឡូវនេះ អ្នកសេដ្ឋកិច្ចរំពឹងថា សេដ្ឋកិច្ចនឹងធ្លាក់ចុះ ៦ភាគរយពេញមួយឆ្នាំនេះ។ កាលពីខែមិថុនា ពួកគេបានព្យាករណ៍ថា នឹងមានការធ្លាក់ចុះ ៥,៨ភាគរយសម្រាប់ឆ្នាំ ២០២០ ។

យោងតាមអ្នកសេដ្ឋកិច្ចទាំងនោះបានឱ្យដឹងថា ហានិភ័យធំបំផុតចំពោះទស្សនវិស័យកំណើនរបស់សិង្ហបុរី គឺការធ្លាក់ចុះដោយសារស្ថានភាពជំងឺកូវីដ-១៩ ។

ពួកគេបានកត់សម្គាល់ថា ការកើនឡើងនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ក៏ត្រូវបានគេសម្គាល់ផងដែរថា ជាហានិភ័យរួម ជាមួយនឹងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកដែលយឺតជាងការរំពឹងទុក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)