វៀតណាមនឹងរៀបចំមហាសន្និបាត AMM-53 តាមប្រព័ន្ធអ៊ិនធើណេតចាប់ពីថ្ងៃទី ៩-១២ ខែកញ្ញា

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០​ — ក្រុមប្រឹក្សាភិបាលរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី ៥៣ (AMM-53) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិមួយថា ប្រទេសវៀតណាមនឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ (AMM-53) និងកិច្ចប្រជុំពាក់ព័ន្ធនានាតាមរយៈសន្និសីទវីដេអូចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា។

លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម និងជាប្រធាន SOM អាស៊ាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអាស៊ានឆ្នាំ ២០២០ ដែលត្រូវធ្វើជាប្រធាននៃព្រឹត្តិការណ៍នេះបាននិយាយថា កិច្ចប្រជុំ AMM-53 នឹងក្លាយជាចំណុចលេចធ្លោដ៏សំខាន់មួយនៃការធ្វើជាប្រធានអាស៊ានរបស់ប្រទេសវៀតណាមនៅក្នុងឆ្នាំនេះ។

ប្រទេសវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះ និងសម្របសម្រួលកិច្ចពិភាក្សាជាមួយដៃគូទៅលើបញ្ហាមួយចំនួន រួមមានការការពារ និងការត្រួតពិនិត្យជំងឺកូវីដ-១៩ ផែនការស្តារឡើងវិញក្រោយការរាតត្បាត មូលនិធិអាស៊ានឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។

ក្រៅពីនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាននឹងត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅក្នុងខែវិច្ឆិកាខាងមុខ។ ពួកគេក៏នឹងពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាជាមួយដៃគូខាងក្រៅ ស្តីពីស្ថានភាពនៃជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិដែលមិនមែនជាប្រពៃណី និងបញ្ហាសំខាន់ៗដទៃទៀត។

លោក Dung បាននិយាយបន្តទៀតថា អាទិភាពត្រូវបានផ្តល់ដល់ការជំរុញសហគមន៍អាស៊ានដែលមានភាពស្អិតរមួត និងសកម្ម ស្របតាមប្រធានបទ និងអាទិភាពសម្រាប់ឆ្នាំនេះ ។ ក្រៅពីនេះប្រទេស វៀតណាមក៏បានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើនស្តីពីការការពារ និងការត្រួតពិនិត្យជំងឺកូវីដ-១៩ ក៏ដូចជាការស្តារឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតនេះ។

យោងតាមមន្រ្តីរូបនោះបានឱ្យដឹងថា គណៈប្រតិភូចំនួន ២៧ មកពីប្រទេសអាស៊ានទាំង ១០ និងដៃគូនឹងចូលរួមកិច្ចប្រជុំនៅក្នុងក្របខ័ណ្ឌនៃ AMM-53 ។

អ្នកចូលរួមនឹងចូលរួមក្នុងកិច្ចប្រជុំចំនួន ២០ និងការអនុម័តទៅលើឯកសារចំនួន ៤០ ដែលរួមមានទាំងសេចក្តីថ្លែងការណ៍រួម AMM-53 ដោយផ្តោតសំខាន់ទៅលើការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការលើកកម្ពស់សហគមន៍អាស៊ានការតភ្ជាប់សេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)