បណ្តាមន្ត្រីជាន់ខ្ពស់អាស៊ានពិភាក្សាអំពីការរៀបចំសម្រាប់កិច្ចប្រជុំ AMM-53

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០​ — អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ាននៃប្រទេសវៀតណាម បានធ្វើជាអធិបតីនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន និងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ (ExCom SEANWFZ) ដែលបានធ្វើឡើងកាលពីថ្ងៃទី ៧ ខែកញ្ញា ដែលជាសកម្មភាពបើករបស់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ (AMM-53) និងកិច្ចប្រជុំពាក់ព័ន្ធនានា។

អ្នកចូលរួមកិច្ចប្រជុំនេះបានពិនិត្យឡើងវិញនូវការរៀបចំសម្រាប់កិច្ចប្រជុំ AMM-53 និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលក្នុងអំឡុងពេលនោះរដ្ឋមន្រ្តីការបរទេសអាស៊ាននឹងពិភាក្សាគ្នាអំពីការកសាងសហគមន៍       អាស៊ាន ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយ និងការត្រួតពិនិត្យការរាតត្បាតវីរុសឆ្លង និងការស្តារឡើងវិញក្រោយការរាតត្បាតនេះ រួមជាមួយបញ្ហាក្នុងតំបន់ និងអន្តរជាតិមួយចំនួនទៀត។

បណ្តារដ្ឋមន្រ្តីការបរទេសទាំងអស់នឹងពិនិត្យឡើងវិញ និងគូសបញ្ជាក់ការតម្រង់ទិសសម្រាប់ទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ដោយពិចារណាទៅលើសំណើជាក់លាក់ក្នុងការបង្កើតភាពជាដៃគូ និងការទទួលយកកូឡុំប៊ី និងគុយបា ទៅក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ។

ពួកគេក៏នឹងពិភាក្សាគ្នាផងដែរអំពីការពង្រឹងតួនាទីកណ្តាលរបស់អាស៊ាន ជាពិសេសមធ្យោបាយដើម្បីធានាថា ប្លុកនេះនឹងបន្តក្លាយជាកម្លាំងដ៏សំខាន់នៅក្នុងតំបន់ ដើម្បីដឹកនាំដំណើរការកិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។

បណ្តាមន្រ្តីជាន់ខ្ពស់អាស៊ានបានបញ្ជាក់អំពីសារៈសំខាន់នៃសន្ធិសញ្ញា SEANWFZ ដែលបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ប្លុកនេះក្នុងការថែរក្សាតំបន់គ្មានអាវុធនុយក្លេអ៊ែរ រួមចំណែកដល់សន្តិសុខក្នុងតំបន់ និងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ក្នុងការទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរ ព្រមទាំងជំរុញការរំសាយអាវុធនុយក្លេអ៊ែរ និងការរំសាយអាវុធប្រល័យលោកផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)