AIPA 41៖ ការទូតសភាសម្រាប់សហគមន៍អាស៊ានដែលមានភាពស្អិតរមួតនិងការឆ្លើយតប

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០​ — យោងតាមសមាជិកសភាជាន់ខ្ពស់វៀតណាមបាននិយាយថា ដោយមានការគាំទ្រពីសមាជិកដទៃទៀតនៃសភាអន្តរសភាអាស៊ាន (AIPA) ប្រទេសវៀតណាមក្នុងនាមជាប្រធាន AIPA នឹងខិតខំប្រឹងប្រែងរៀបចំសកម្មភាពនានាប្រកបដោយជោគជ័យសម្រាប់ AIPA ឆ្នាំ ២០២០ ក៏ដូចជាមហាសន្និបាតនៃសភាអន្តរសភាអាស៊ានលើកទី ៤១ (AIPA 41) នាពេលខាងមុខនេះ។

យោងតាមប្រធានរដ្ឋសភាជាតិវៀតណាម លោកស្រី Nguyen Thi Kim Ngan បានឱ្យដឹងថា ជោគជ័យនៃឆ្នាំ AIPA និងមហាសន្និបាទ AIPA 41 នឹងចូលរួមវិភាគទានដើម្បីជំរុញភាពជាដៃគូ AIPA-ASEAN និងបង្កើនការសម្របសម្រួលក្នុងសកម្មភាពរវាងបណ្តាញនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដែលជំរុញទៅមុខនូវការកសាងសហគមន៍អាស៊ានសម្រាប់សន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និងសុភមង្គល។

នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយមុនមហាសន្និបាទ AIPA 41 លោកស្រី Ngan បានលើកឡើងអំពីសារៈសំខាន់នៃឆ្នាំ ២០២០ ដោយប្រទេសវៀតណាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាប្រធានអាស៊ាន និងជាប្រធាន AIPA។

លោកស្រីបាននិយាយថា «ទាំងនេះនឹងអនុញ្ញាតឱ្យវៀតណាមបន្តអះអាងអំពីតួនាទី ភារកិច្ច និងកិត្យានុភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ»។ វាក៏តម្រូវឱ្យប្រទេសនេះចូលរួមវិភាគទានបន្ថែមទៀតក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងក្នុងពិភពលោកទាំងមូលផងដែរ។

មហាសន្និបាត AIPA 41 នឹងធ្វើឡើងក្រោមប្រធានបទ «ការទូតសភាដើម្បីសហគមន៍អាស៊ានប្រកបដោយភាពស្អិតរមួត និងការឆ្លើយតប» ក្នុងទម្រង់ជាសន្និសីទវីដេអូជាលើកដំបូង៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)