រដ្ឋបាលខេត្តព្រះសីហនុអំពាវនាវដល់នាយក-នាយិកាសាលាទាំងអស់ត្រូវបន្តយកចិត្តទុកដាក់តាមដានត្រួតពិនិត្យសុខភាពសិស្សឲ្យបានជាប់ជាប្រចាំ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ០៨.៩.២០២០

MC៖ រដ្ឋបាលខេត្តព្រះសីហនុបានបន្តអំពាវនាវដល់នាយក នាយិកា សាលាទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ តាមដានត្រួតពិនិត្យសុខភាពសិស្សានុសិស្សឲ្យបានជាប់ជាប្រចាំដើម្បីទប់ស្កាត់ជំងឺ Covid-១៩ កុំឱ្យឆ្លងរាលដាល ចូលក្នុងសហគមន៍ ។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ កោតសរសើរវាយតម្លៃខ្ពស់ចំពោះមន្ត្រីអប់រំ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តជំរុញការចុះឈ្មោះសិស្សថ្នាក់ទី១២ សិក្សាតាមប្រព័ន្ធអនឡាញបាន ១០០ភាគរយ និងចុះជំរឿនសិស្សតាមភូមិ ឃុំ ស្របតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការអប់រំ មានសារៈសំខាន់ ក៏ប៉ុន្តែបញ្ហាសុខភាព និងអាយុជីវិតមនុស្សវាក៏ជារឿងសំខាន់ខ្លាំងផងដែរ ។ ឯកឧត្តម បានបញ្ជាក់ថា ការបើកសាលារៀនជាបណ្តើរៗនេះ គឺដោយសារយើងបានគ្រប់គ្រង និងទប់ស្កាត់បានយ៉ាងល្អ មិនមានការរាលដាលកូវីដ-១៩ចូលក្នុងសហគមន៍ឡើយ តែយ៉ាងនេះក្តី ក៏ត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច កុំឲ្យជំងឺនេះ កើតមានក្នុងសហគមន៍ឲ្យសោះ។ ក្នុងឱកាសនោះដែរឯកឧត្តម គួច ចំរើន ក៏បានផ្ដល់ម៉ាស៊ីនវាស់កំដៅចំនួន ១៣០គ្រឿង ម៉ាស ២,០០០ប្រអប់ ទឹកអាកុលចំនួន ១០០ធុង សាប៊ូលាងដៃ ២,០០០ដុំ និងកំប៉ុងបាញ់ទឹកអាល់កុល ៤,០០០កំប៉ុង ដល់មន្ទីរអប់រំ ដើម្បីធ្វើការចែកទៅតាមសាលានានាក្នុងខេត្តព្រះសីហនុ។

លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ទាំង គ្រឹះ ស្ថាន សិក្សា រដ្ឋ និង ឯកជន បានបើកដំណើរការ ឡើង វិញ  គឺអនុវត្ត តាមសេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល​ ដែលធានាបានសុវត្ថិភាពរបស់សិស្សានុសិស្ស។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹង ថា នៅខេត្តព្រះសីហនុមានសាលាចំនួន ១០១ ក្នុងនោះសាលាមត្តេយ្យចំនួន០១សាលា បឋមសិក្សាមាន ចំនួន៧២សាលា  អនុវិទ្យាល័យមានចំនួន១៨សាលា  វិទ្យាល័យមានចំនួន ០៩សាលា និងសាលាគរុកោសល្យ និងវិក្រិត្យការមានចំនួន០១ មានសិស្សសរុបចំនួន ៤១,៩៧២នាក់ ៕